ការនិទានរឿង

១.និយមន័យ

    ការនិទានរឿង គឺជាការនិយាយរឿងរ៉ាវដែលបានចេះចាំកន្លងមកប្រាប់អ្នកស្ដាប់។ ការនិទានរឿងមានទម្រង់ជាច្រើន ដូចជាការនិទានរឿងដោយផ្ទាល់មាត់ ដោប្រើសៀវភៅរូបភាព ដោយប្រើផ្ទាំងរូបភាព ដោយប្រើតុក្កតា ឬដោយប្រើអាវអៀម។ល។

២.គោលបំណងនៃការនិទានរឿង

កម្មភាពនៃការនិទានរឿងធ្វើឡើងដើម្បី៖

  • ផ្ដល់ភាពសប្បាយរីករាយ និងបង្កើតការស្រមើស្រមៃដល់កុមារ។
  • ផ្ដល់ការអប់រំដល់កុមារ។ 
  • ធ្វើឲ្យកុមារស្រឡាញ់ចូលចិត្តសៀវភៅ។
  • ធ្វើឲ្យកុមារចេះសង្កេត គិត វិភាគ ឈ្លាសវៃ និងមានសាមគ្គីភាព។
  • បណ្ដុះរូបារម្មណ៍ ទម្លាប់អាន បង្កើនចំណេះដឹង និងភាពច្នៃប្រឌិតដល់កុមារ។

៣.របៀបនិទានរឿង
    ៣.១.វិធីនិទានរឿង

   ជាទូទៅការនិទានរឿង គេច្រើនប្រើវិធីរ៉ាយរ៉ាប់ សន្ទនា ចោទឆ្លើយដើម្បីឲ្យខ្លឹមសារសាច់រឿង​មានភាពរស់រវើកដែលអាស្រ័យទៅដោយសម្បទា និងល្បិចរបស់អ្នកនិទានម្នាក់ៗ។ ការនិទានរឿងគឺជាកិច្ចការមួយដែលយើងអាចហាត់រៀនបាន។

ការនិទានរឿងចែកចេញជាពីរជំហានដោយប្រើរយៈពេលពី​ ១០នាទី ទៅ២០នាទី។

 ជំហានទី១៖ ទាញបម្រុងប្រយ័ត្ន (រយៈពេលពី ៣ ទៅ ៥ នាទី)

    ដើម្បីឲ្យការនិទានរឿងរបស់យើងទទួលបាននូវលទ្ធផលជោគជ័យ អ្នកនិទានត្រូវអប់រំដោយប្រយោល (មិនដឹងខ្លួន)ដល់អ្នកស្ដាប់តាមរយៈល្បែង ​និងសំណួរផ្សេងៗដែលខ្លឹមសារមានបង្កប់នូវ៖

  • ការទាញបម្រុងប្រយ័ត្ន (ភាសា គណិតវិទ្យា វិទ្យាសាស្រ្ដអនុវត្ត​ សិក្សាសង្គម ល្បែងសិក្សា ពាក្យបណ្ដៅ ទស្សន៍ទាយ។ល។)
  • ចំណេះដឹង ​និងការអប់រំ
  • ខ្លឹមសាររឿង
    ជំហានទី២៖ និទានរឿង (រយៈពេលពី ១០ ទៅ ១៥ នាទី)
    ផ្ដើមនិទានពីដើមដល់ចប់សាច់រឿង ដោយប្រើវិធីរ៉ាយរ៉ាប់គូបផ្សំ និងល្បិច ធ្វើកាយវិការ​ ទឹកមុខក្រសែភ្នែក និងលើកដាក់សំឡេងផង។ ក្នុងការនិទានរឿងអ្នកនិទានត្រូវប្រើសំឡេងតាមតួអង្គ (មនុស្សចាស់ ក្មេង កាច ស្លូត ទុក្ខព្រួយ សើចសប្បាយ។ល។) និងសម្ដីរបស់អ្នកនិពន្ធ។
ដើម្បីឲ្យការនិទានមានភាពរលូន អ្នកនិទានរឿងត្រូវ​៖

  • ចេះចាំសាច់រឿង ដើម្បីនិទានមិនរអាក់អូលតាំងពីដើមដល់ចប់សាច់រឿង
  • អានរឿងដែលត្រូវនិទានឲ្យបានច្រើនលើកដើម្បីយល់ខ្លឹមសាររឿង​​ឆ្លុះបញ្ចាំងពីស្សអប់រំ
  • សាកល្បងនិទានរឿងឲ្យបានច្រើនដង ដើម្បីចងចាំដំណើររឿង ឬឈុតឆាត
  • ប្រើពាក្យ ឃ្លា ប្រយោគឲ្យបានត្រឹមត្រូវទៅតាមខ្លឹមសាររឿង
  • ចេះប្រើសំឡេងតាមសំដីអ្នកនិពន្ធ និងតួអង្គព្រមទាំងធ្វើកាយវិការទឹកមុខតាមសាច់រឿង
  • រៀបចំ និងគ្រប់គ្រងកុមារឲ្យមានសណ្ដាប់ធ្នាប់មុននឹងចាប់ផ្ដើមនិទានរឿង
  • ចេះប្រើក្រសែភ្នែកគ្របគ្រងកុមារនៅពេលនិនានរឿងប្រសិនបើកុមារមិនចាប់អារម្មណ៍ត្រូវប្ដូរវិធីភ្លាម
  • ផ្ដល់ឱកាសឲ្យកុមារបានចូលរួមសម្ដែងតួតាមសាច់រឿងនិងទុកឱកាសឲ្យកុមារបង្កើត​រូបារម្មណ៍
  • ប្រើឧបករណ៍ជាជំនួយខ្លះៗ សម្រាប់កុមារចូលរួមនៅពេលនិទានរឿង។
*ជារួមសកម្មភាពរបស់កុមារអាចឆ្លុះបញ្ចាំងឲ្យដឹងថា កុ​មារចូលចិត្ត ឬមិនចូលចិត្តស្ដាប់ការនិទានរឿងតាមរយៈទឹកមុខ សកម្មភាព និងក្រសែភ្នែក។

    ៣.២ ការជ្រើសរើសរឿងសម្រាប់និទាន

    ការជ្រើសរើសរឿង គឺជាការងារចាំបាច់បំផុតរបស់អ្នកនិទាន ដើម្បីឲ្យកុមារចាប់អារម្មណ៍ទៅនឹងសាច់រឿង និងចូលរួមជាមួយអ្នកនិទាន។

          វិធីជ្រើសរើសរឿង៖

  •  ខ្លឹមសាររឿងមានរយៈពេលសមស្រប ងាយយល់ និងមានតួអង្គមិនច្រើនពេក
  • ពាក្យងាយយល់ និងស្រួលស្ដាប់សមស្របតាមអាយុ និងកម្រិតយល់ដឹងរបស់កុមារ
  • សៀវភៅ ឬផ្ទាំងរូបភាព ត្រួវមានរូបភាពច្បាស់។

    ៣.៣ ទីកន្លែងនិទាន និងការរៀបចំសិស្ស

    ៣.៣.១ ក្នុងបន្ទប់

  • ត្រូវបើកទ្វារ ឬបង្អូចឲ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់
  • រៀបចំកុមារឲ្យអង្គុយពីតូចទៅធំតាមតុ កន្ទេលឬទៅតាមស្ថានភាពជាក់ស្ដែងដើម្បីឲ្យ​​កុមារងាយមើលឃើញរូបភាព កាយវិការ និងទឹកមុខរបស់អ្នកនិទាន
  • បើមានកន្លែងសមរម្យគួររៀបចំសិស្សឲ្យអង្គុយជាចំណិតព្រះចន្ទដែលមានចម្ងាយពីអ្នកនិទានទៅកុមារពី១.៥០ម៉ែត្រ ទៅ២.៥០ម៉ែត្រ (ដូចរូបខាងក្រោម)។
ទីតាំងអ្នកនិទាននិងអ្នកស្ដាប់រឿង

    ៣.៣.២ ទីធ្លាក្រោមដើមឈើ រោង ឬ អគារ (រូបថត)

  • រៀបចំទីកន្លែងឲ្យបានស្អាតមុននឹងនិទានរឿង
  •  ត្រូវធានាសុវត្ថិភាពដល់កុមារ
  • ឲ្យកុមារអង្គុយលើកន្ទេល ស្បែកជើង ឬវត្ថុផ្សេងៗដែលអាចអង្គុយបាន
  •  ឲ្យកុមារអង្គុយជាចំណិតព្រះចន្ទ (លំនាំក្នុងបន្ទប់)
  • ឲ្យកុមារអង្គុយបែរមុខស្របនឹងពន្លឺថ្ងៃ។