ការអានរឿង

ការអានរឿង

១.និយមន័យ

    ការអាន ជាសកម្មភាពមួយដែលមិនអាចខ្វះបាន ចំពោះកុមារ ក្នុងន័យទទួលបានចំណេះ​ដឹងបន្ថែមសម្រាប់បង្កើននូវភាពឈ្លាសវៃ និងស្ដែងចេញនូវមនោសញ្ចេតនា បង្កើនឥទ្ធិពលក្នុងការ​ស្រមើស្រមៃ និងសមត្ថភាពសិក្សាដើម្បីឲ្យជីវិតកាន់តែប្រសើរឡើង។ ការចាប់ផ្ដើមអានពីក្មេងអាចបណ្ដុះបំណិនជីវិតដែលនាំឲ្យគេចេះគិត យល់ដឹង ចេះវិភាគ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។

សកម្មភាពកុមារ និងបណ្ណារក្សក្នុងពេលអានរឿង

   ២.គោលបំណង

    សកម្មភាពនៃការអានធ្វើឡើងដើម្បី៖

  • ផ្ដល់ភាពសប្បយរីករាយ និងបង្កើតការស្រមើស្រមៃដល់កុមារ។
  • ផ្ដល់ការអប់រំដល់កុមារ។
  • ធ្វើឲ្យកុមារស្រឡាញ់ចូលចិត្តសៀវភៅ។
  • ធ្វើឲ្យកុមារចេះសង្កេត គិត វិភាគ ឈ្លាសវៃ និងមានសាមគ្គីភាព។
  • បណ្ដុះរូបារម្មណ៍ ទម្លាប់អាន បង្កើនចំណេះដឹង និងភាពច្នៃប្រឌិតដល់កុមារ។

    តាមការសង្កេតបានបង្ហាញឲ្យឃើញថា កុមារដែលធ្លាប់បានស្ដាប់ និងអានរឿងញឹកញាប់​តាំងពីកុមារភាពនឹងក្លាយទៅជា អ្នកចូលចិត្តអាន សរសេរ រៀនពូកែ ព្រមទាំងមានឥរិយាបថវិជ្ជមាន​ចំពោះសៀវភៅ និងការអាន។

៣.វិធីអានរឿង

    មុនពេលអានសៀវភៅរឿងឲ្យកុមារស្ដាប់ បណ្ណារក្ស ឬគ្រូបង្រៀនត្រូវជ្រើសរើសសៀវភៅឲ្យ​បានត្រឹមត្រូវសមស្របតាមវ័យ តាមកម្រិតយល់ដឹង និងតាមចំណង់ចំណូលចិត្តរបស់កុមារ។

    ការអានរឿងមានច្រើនវិធីដូចខាងក្រោម៖

  • អានសាច់រឿង និងបង្ហាញរូបភាពដំណាលគ្នាពីដើមដល់ចប់ (ដាក់សៀវភៅចំហៀងខ្លួន)
  • អានសាច់រឿងមួយទំព័រ បង្ហាញរូបភាពម្ដង អានមួយទំព័រទៀត បង្ហាញរូបភាពម្ដងទៀត​ធ្វើបែបនេះរហូតដល់ចប់សាច់រឿង។
  • អានសាច់រឿងឲ្យចប់ ទើបបង្ហាញរូបភាពយឺតៗម្ដងមួយទំព័រ។
  • បង្ហាញរូបភាពយឺតៗមួយទំព័រម្ដងៗរហូតដល់ចប់ ទើបចាប់ផ្ដើមអានសាច់រឿង។
  • គ្រូ ឬបណ្ណារក្សដាក់សៀវភៅអានលើតុដោយអានឲ្យសិស្សក្រុមតូចស្ដាប់។

    សកម្មភាពនេះទាមទារឲ្យបណ្ណារក្សអានសៀវភៅឲ្យបានច្រើនដង ដើម្បីចាំសាច់រឿង សំដីតួអង្គ ងាយស្រួលលើកដាក់សំឡេងទៅតាមទួអង្គនីមួយៗនៅពេលអាន។

៤.ការជ្រើសរើសសៀវភៅរឿង

    កុមារតូចៗចូលចិត្តរឿងណាដែលមានរូបភាពច្រើនជាងអក្សរ និងការប្រើឃ្លាដដែលៗដូចជា​សៀវភៅដែលមានតួអង្គមនុស្ស សត្វ ធម្មជាតិ ទាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ។

ឧទាហរណ៍ រឿងបែបត្លុកកម្លែង អប់រំ មន្ដអាគម អច្ឆិរយ ផ្សងព្រេង។ល។

ក្នុងការជ្រើសរើសយករឿងមួយមកអានឲ្យលឺៗវាមានលក្ខណៈសំខាន់ដូចតទៅ៖

  • លក្ខណៈផ្សេងៗរបស់តួអង្គ
  • ដំណើររឿងដែលត្រូវថាឡើងវិញ
  • ចុងបញ្ចប់នៃសាច់រឿងធ្វើឲ្យមានភាពសប្បាយរីករាយ
  • ការសន្ទនារវាងតួអង្គ និងតួអង្គ
  • ឲ្យអ្នកអានមានទម្លាប់ស្ដាប់វាក្យស័ព្ទ
  • ជាឱកាសសម្រាប់អ្នកស្ដាប់ចូលរួមក្នុងការអាន

ចូរ    *ចងចាំថា បណ្ណារក្ស ឬត្រូវជ្រើសរើសរឿងណាដែលអ្នកស្ដាប់ចូលចិត្តយកមកអាន។