តួនាទី និងសារប្រយោជន៍បណ្ណាល័យបឋមសិក្សា

តួនាទីបណ្ណាល័យបឋមសិក្សា

    បណ្ណាល័យបឋមសិក្សាផ្សារភ្ជាប់សៀវភៅនឹងកុមារ ព្រមទាំងជាកន្លែងដែលកុមារមកជួបជុំគ្នាលេងកម្សាន្ដ អាន សិក្សាស្រាវជ្រាវ និងធ្វើសកម្មភាពផ្សេងៗប្រកបដោយភាពសប្បាយរីករាយ សេរីភាព និងគោរពសិទ្ធិគ្នាទៅវិញទៅមក។

សកម្មភាពកុមារ និងបណ្ណារក្សក្នុងម៉ោងចូលបណ្ណាល័យ

    ការប្រាស្រ័យទាក់ទងគ្នានៅក្នុងបណ្ណាល័យកើតឡើង រវាងកុមារនិងកុមារ រវាងកុមារនិង មនុស្សធំ (បណ្ណារក្ស គ្រូ សហគមន៍) តាមរយៈសកម្មភាពនានាដូចជា ការអាន ការស្ដាប់រឿង ការនិទានរឿង ល្បែងសិក្សា (រៀបរូបប្លែកៗ ផែនទី ផ្លែឈើ និងរូបសត្វផ្សេងៗ) គូគំនូ បត់រូប កាត់បិទរូប​ផាត់ពណ៌​សិល្បៈងាយៗ...។ សកម្មភាពទាំងនេះប្រព្រឹត្តទៅដោយមានសៀវភៅ និងសម្ភារផ្សេងៗជាមធ្យោបាយ។

    កុមារចូលបណ្ណាល័យដំបូងគឺដើម្បីកម្សាន្ដ។ តាមរយៈសកម្មភាពកម្សាន្ដនេះកុមារនឹងទទួល​បាននូវចំណេះដឹង ចំណេះធ្វើ និងមានទម្លាប់ក្នុងការអាន។

    ម្យ៉ាងវិញទៀតបណ្ណាល័យខុសពីថ្នាក់រៀន ព្រោះថាពេលកុមារចូលបណ្ណាល័យកុមារត្រូវការបរិយាកាសថ្មីដែលមានភាពធូរស្រាលជាងថ្នាក់រៀន ហើយមានសេរីភាពក្នុងការជ្រើសរើស និងធ្វើសកម្មភាពរបស់ខ្លួន។

    សៀវភៅដែលមានក្នុងបណ្ណាល័យផ្ទុកទៅដោយព័ត៌មានសំបូរបែបសម្រាប់កុមារ។ ព័ត៌មានទាំងនេះជួយឲ្យកុមារកាន់តែទទួលបាននូវគំនិតថ្មីៗ និងចម្ងល់ច្រើនឡើងៗ ជាហេតុនាំឲ្យគេចង់ស្រាវជ្រាវបន្តទៀត។ សៀវភៅមានតួនាទីធ្វើឲ្យកុមាររីកចម្រើនផ្នែកគំនិត​ ប្រាជ្ញា ស្មារតី ការស្រមើ​ស្រមៃ និងបង្កើតរូបារម្មណ៍ច្នៃប្រឌិតផងដែរ។

សកម្មភាពកុមារ និងបណ្ណារក្សក្នុងម៉ោងចូលបណ្ណាល័យ

សារប្រយោជន៍

  • ផ្ដល់សិទ្ធិស្មើៗគ្នាដល់កុមារទូទៅក្នុងការសិក្សាស្រាវជ្រាវ។
  • ជួយអភិវឌ្ឍកុមារឲ្យមានភាពម្ចាស់ការ ក្លាហាន និងមានទំនុកចិត្តលើខ្លួនឯង។
  • កាត់បន្ថយការដើរលេងឥតប្រយោជន៍ និងប្រាសចាអំពើអបាយមុខ។
  •  ជួយអភិវឌ្ឍវិស័យអំណាន និងបណ្ដុះទម្លាប់កុមារក្នុងការអាន។
  • កាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សារបស់សិស្ស។
  • ផ្ដល់ឱកាសឲ្យកុមារចេះប្រើពេលទំនេរដើម្បីអភិវឌ្ឍខ្លួនឯង។
  • ធ្វើឲ្យកុមារមានគំនិតច្នៃប្រឌិតយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។