លោកឧកញ៉ា នូ កន កើតនៅឆ្នាំ១៨៧៤ នៅអង្គតាសោម
ស្រុកត្រាំកក់ ខេត្តតាកែវ ។ មាតាឈ្មោះ នូ បិតាឈ្មោះ អ៊ុក ។
អាយុ ៩ឆ្នាំ បានទៅរៀនវត្តត្នោត
អាយុ ១៤ឆ្នាំ បួសជាសាមណេរបានមួយវស្សា
អាយុ ១៧ឆ្នាំ ចូលធ្វើជាស្មៀនចៅហ្វាយខេត្តទ្រាំង
ឆ្នាំ១៨៩១ ចូលធ្វើការក្នុងវាំងបាន៤ឆ្នាំ
ឆ្នាំ១៩០២ ប្រឡងជាប់លេខ១ផ្នែកអក្សរសាស្រ្ត រាជការបារាំងចាត់បន្តវិជ្ជាខាងច្បាប់នៅក្រុងប៉ារីស
លុះត្រឡប់វិញ បានធើ្វជាចៅហ្វាយខេត្ត្កំពង់សៀម
ឆ្នាំ១៩០៩ ខែ៦ ថ្ងៃ១៦ ចៅហ្វាយខេត្តពញ្ញាឮ
ឆ្នាំ១៩០៩ ខែ១១ ថ្ងៃ១១ ចៅហ្វាយខេត្តស្ទឹងត្រែង
ឆ្នាំ១៩១៦ ខែ១១ ថ្ងៃ១៥ ចៅហ្វាយខេត្តកំពង់ធំ កំពង់ស្វាយ
ឆ្នាំ១៩១៩ ខែ៧ ថ្ងៃ៣១ ចៅហ្វាយខេត្តកំពង់សៀម កំពង់ចាម
ឆ្នាំ១៩២១ ខែ១០ ថ្ងៃ១៨ ឧកញ៉ាវិបុលរាជសេនា
ភូឈួយសេនាបតីក្រសួងជើងទឹក ថ្នាក់ឧត្តមមន្រ្តីលេខ២
ឆ្នាំ១៩២៦ ឧកញ៉ាវិបុលរាជសេនា ភូឈួយក្រសួងពាណិជ្ជការ
ឆ្នាំ១៩៤៥-១៩៤៩ ជាប់ជាតំណាងរាស្រ្ត មណ្ឌលកោះសូទិន
ស្នាដៃអក្សរសាស្រ្ត
រឿង ទាវឯក ពាក្យកាព្យ ១៩២៣ ជាប់លេខ១ខាងអក្សរសាស្រ្ត
រឿង សាមកុក ប្រែពីចិន ១៩៣៣
រឿង
អ៊ីណាវ កំណាព្យ
រឿង តុង ឈិន ប្រលោមលោកពាក្យរាយ ឆ្នាំ១៩៤៧
រឿង ពិម្ពានិព្វាន (ពាក្យកាព្យ)
រឿង សមុទ្ទជេដ្ឋា
រឿង មហាសុបស្សីតាបស។
គ្រឿងឥស្សារិយយស
អាល្លឺយ៉ង់ ហ្រ្ចង់សេស ១៩០៣
មេដាយមាស ១៩០៩
មេដាយ
មុនីសារភណ្ឌ័ ១៩០៩
មេដាយ អស្សឫទ្ធិ ១៩១២
អូស្វីសៀ ប្រទេសអណ្ណាម ១៩២១
ធិបឌិន កុម្មងឌ័រ ១៩២៦
អវសានកាល
ដោយមានរោគចាស់ជរា លោកឧកញ្ញ៉ា បានទទួលមរណភាពនៅថ្ងៃទី ៨
ខែកុម្ភៈ ឆ្នាំ១៩៥០ វេលាម៉ោង ៨យប់ ជន្មាយុ ៧៨ឆ្នាំ នៅគេហដ្ឋាន នាខេត្តកំពង់ចាម។
នូ កន ជាកវីពុទ្ធសាសនិក និង
ជាមន្ត្រីរាជាការដ៏មានឈ្មោះល្បីម្នាក់នាចុងសតវត្សទី២០
ក្នុងរជ្ជកាលព្រះករុណា នរោត្តម ។ កវីរូបនេះបានបន្សល់ទុកនូវស្នាដៃដ៏ល្បី
ល្បាញមួយចំនួន ហើយស្នាដៃដែលខ្មែរគ្រប់ស្រទាប់ស្គាល់ជាងគេគឺរឿង ទាវឯក ។
ខាងក្រោមនេះជាសម្រង់ដកចេញពីរឿង ទាវឯក ។
– ឯទាវមៀងមើលឃើញអ្នកឯក ល្អល្អះចម្លែក ឈរនៅក្រៅ
ស្គាល់ជាអ្នកប្រុស ឆោមស្រងៅ ស្រែកហៅមេនោ មកមើលផង ។
– អង្គុយនិត្យនៅ
នាបង្អួច
ក្នុងចិត្តកើតកួច ភក្ត្រសៅហ្មង
ទន្ទឹងរឹងថប់ ក្រៃកន្លង លុះឯកដល់ហោង បានស្បើយទុក្ខ ។
– ទើបឯកឆ្លាសឆ្លើយ
ឆ្លងវាចា ថាហៃប្អូនភ្ងា
នាងបានសុខ
ឯបងនេះសោត សឹងកើតទុក្ខ
រឿងទាវឯក មានទម្រង់ដូចរឿងទុំទាវ
ដែលនិពន្ធដោយភិក្ខុសោមដែរ ដែលជាហេតុ នាំអោយ អ្នកខ្លះយល់ថា លោក នូ កន
ចំលងតាមរឿងទុំទាវ ។ ទោះយ៉ាងណាលោកបានអះអាងនៅក្នុងអារម្ភកថា
ថាលោកបានចេះចាំរឿងទាវឯកនេះដោយសារបានឮអ្នកចំរៀងហ្លួងច្រៀង
ថា្វយព្រះករុណា នរោត្តម ព្រះសណ្តាប់នៅក្នុងព្រេះបរមរាជវាំង ។ ហេតុនេះ រឿងទាវឯក
នេះមិនមែនជាការកើតគំនិតគិតកែខៃច្នៃនិពន្ធ របស់លោក នូ កន ទេ
គឺលោកគ្រាន់តែជាអ្នកចងក្រងប៉ុណ្ណោះ ។ លោកក៏បានបន្ថែមទៀតថា
រឿងនេះមានពិតដំណាលតាមពាក្យបុរាណ និង
សាស្ត្រាដែលគិតមកទល់ពេលនេះមានអាយុកាលប្រមាណជាប្រាំរយឆ្នាំ ហើយ ។
ស្នាដៃរបស់បណ្ឌិត នូ កន ដទៃទៀតរួមមាន៖
– ទាវឯក (
រឿងល្បែង, ភ្នំពេញ
១៩៤២ )
– តុង ឈិន
( ប្រលោមលោកពាក្យរាយ, ភ្នំពេញ
១៩៤៧ )
– ពិម្ពានិព្វាន, ១៩៦០
– សាមកុក
( រឿងយុទ្ធសាស្ត្រសង្គ្រាមចិន លោកបកប្រែពីភាសាថៃ ។ គួរកត់សំគាល់ ថា លោក នូ
កន ពុំចេះភាសាចិនទេប៉ុន្តែក៏ដូចជាបញ្ញាវ័ន្តខ្មែរ
ឯទៀតៗនាសម័យនោះដែរគឺលោកចេះភាសាសៀមយ៉ាងច្បាស់ ) ។
នូ កន កើតនៅឆ្នាំ១៨៧៤ នៅឃុំអង្គតាសោម ស្រុកត្រាំកក់
ខេត្តតាកែវ នៅក្នុងគ្រួសារកសិករ ឳពុកឈ្មោះ នូ ម្តាយ ឈ្មោះ អ៊ុក ។ សៀវភៅ
អក្សរសិល្ប៍ខ្មែរសតវត្សទី២០ របស់លោក ឃីង ហុកឌី សរសេរថា ម្តាយឈ្មោះ នូវ
ឳពុកឈ្មោះ អ៊ុក ទៅវិញ ។ យើងយល់ថា បិតាឈ្មោះ នូ មាតា ឈ្មោះ អ៊ុក ទើបត្រឹមត្រូវ
ត្បិត នូ ជានាមត្រកូលរបស់លោក ។
វ័យបាន៩ឆ្នាំ កុមារ នូ កន
បានទៅស្នាក់សិក្សានៅវត្តអង្គត្នោត ឃុំ និង ស្រុកដដែល នៅក្នុង សំណាក់ចៅអធិការ
នាម អ៊ិន លុះដល់វ័យ១៤ឆ្នាំបានសាង ផ្នួសជាសាមណេរ
ហើយបានលាចាកសិក្ខានៅឆ្នាំ បន្ទាប់ ។ អាយុ១៧ឆ្នាំ
យុវជនអនាគតកវីបណ្ឌិតយើងបានទៅធ្វើជាស្មៀនចៅហ្វាយខេត្តទ្រាំង
(សព្វថ្ងៃកម្ពុជា ក្រោម ឬ វៀតណាមខាងត្បូង ) ។ ឆ្នាំ១៨៩១ លោកបានផ្លាស់ទៅធ្វើការក្នុងព្រះបរមរាជវាំងក្នុងក្រុមព្រះអាល័ក្ខណ៍
នារជ្ជកាលព្រះករុណា នរោត្តម ។ ៤ ឆ្នាំក្រោយមក ព្រះករុណា បានផ្លាស់លោកអោយ
ទៅធ្វើការផ្នែកសុរិយោដី និង ក្រសួងរតនាគារ ពេលនោះអ្នកឧកញ៉ា
ពិភក្តិទិព្វរាជ ម៉ម បានតាំងងារលោកជា ម៉ឺនភក្តីអក្សរ ។ ឆ្នាំ១៩០២
លោកបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ជាអ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រ ។
ឆ្នាំ១៩០៣
រដ្ឋបាលបារាំងបានចាត់លោកអោយធ្វើជាចៅហ្វាយខេត្តកំពង់សៀមរយៈ ពេល
២ខែបន្ថែមតួនាទីជាគ្រូបង្រៀនច្បាប់ និង ទំនៀមទំលាប់ខ្មែរនៅ ក្នុងសា
លាខេត្តនេះផង ។ ឆ្នាំ១៩០៨ លោកត្រូវ
បានរដ្ឋបាលបារាំងចាត់អោយទៅបន្តសិក្សាច្បាប់នៅប្រទេសបារាំងលុះ
ត្រឡប់មកវិញ លោកទទួលបានតំណែងជាបន្តបន្ទាប់គឺៈ
ចៅហ្វាយខេត្តពញ្ញាលឺ, ចៅហ្វាយខេត្តស្ទឹងត្រែង, ឧកញាសភាមន្ត្រីចៅក្រមសាលាឧទ្ធរណ៍, ឧកញាពិភក្តិវិនិច្ឆ័យ, ចៅហ្វាយខេត្តកំពង់សៀម
កំពង់ធំ, ឧកញាមហាវិនិច្ឆ័យចាងហ្វាងសាលាឧទ្ធរណ៍
ក្រុមរដ្ឋប្បវេណី, ឧកញាវិបុលរាជភួឈួយសេនាបតីក្រសួងជើងទឹកថ្នាក់ឧត្តមមន្ត្រី
លេខ២, ឧកញាវិបុលរាជភួឈួយក្រសួងពាណិជ្ជការ
។
លោកបានចូលនិវត្តន៍នៅឆ្នាំ១៩៣១ ហើយបានឈរឈ្មោះ និង
ជាប់ជាតំណាង រាស្ត្រមណ្ឌលកោះសុទិន ក្នុងគណៈបក្សប្រជាធិបតេយ្យនៅឆ្នាំ១៩៤៦
( សៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សទី២០ ថាឆ្នាំ១៩៤៥ ) ។
អ្នកនិពន្ធ សុទ្ធ ប៉ូលីន ត្រូវជាចៅរបស់បណ្ឌិត នូ កន
បានសរសេរនៅក្នុងអារម្ភបទរឿង តុងឈិន
ថាឧកញាកវីបណ្ឌិតរូបនេះបានអនិច្ចកម្មនៅឆ្នាំ១៩៥០ ប៉ុន្តែឯកសារ
អ្នកនិពន្ធដែលមានឈ្មោះល្បី របស់លោក លី ធាមតេង អះអាងថា លោក នូ កន
បានអនិច្ចកម្មនៅឆ្នាំ១៩៤៧ ។ សៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សទី២០
របស់លោកឃីង ហុក ឌី បានកត់សំគាល់ថា យើងគប្បីយកតាមឯកសាររបស់លោកលី ធាមតេង
ត្បិតជាឯកសារសិក្សាក្រោយ មានការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ។ រីឯរូបគំនូពាក់កណ្តាលខ្លួនរបស់លោក
នូ កន តាំងនៅ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ដាក់ថា នូ កន ( ១៨៧៤-១៩៤៧ ) ៕