ប្រវត្តិកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន

កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន កើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិន(ស្រុកកំណើតនៅ ខេត្តតាកែវ) ម្តាយឈ្មោះ ម៉រ ភឹង(បាត់ដំបង) ។


លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។

លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។

នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី ឯកឧត្តម ពេជ្រ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខ័ណ្ឌអាស៊ាន ។

លោកត្រូវបាន អ្នកនិពន្ឋខ្មែរទាំងឡាយ ចាត់ទុកជា អ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុក នូវស្នាដៃផ្នែកតែងនិពន្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និង ចម្រៀងសម័យដើម ដែលមាន អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត អ៊ឹង ណារី រស់ សេរីសុទ្ឋា ប៉ែន រ៉ន និង អ្នកចម្រៀងល្បីៗ ជាច្រើនរូបទៀត បានបកស្រាយ ហើយស្នាដៃទាំងអស់នោះ នៅតែ ស្ថិតក្នងមនោសញ្ចេតនា អ្នកអាន និងអ្នកស្តាប់រហូតមកដល់សព្ឋថ្ងៃនេះ ។
សព្វថ្ងៃ កវី គង្គ ប៊ុនឈឿន បាននិរទេសខ្លួន និង កំពុងរស់នៅប្រទេស ន័រវេ។