មហាបុរិសលក្ខណៈ៣២ប្រការមាន៖
- សុបតិដ្ឋិតបាទោៈ មានព្រះបាទប្រតិស្ថានល្អ គឺមាផ្ទៃព្រះបាទទាំងគូររាបស្មើសព្វអន្លឺ
- ហេដ្ឋា បាទតលេសុ ចក្កានិ ជារានិ សហស្សានិៈ ត្រង់ផ្ទៃព្រះបាទទាំងគូខាងក្រោមមានរូបចក្រកើតឡើង ប្រកបដោយខ្នងកង់និងដុំ ព្រមទាំងកាំ១០០០ មានចន្លោះស្មើគ្នាគ្រប់អន្លឺ

- អាយតបណ្ហិៈ មានព្រះបណ្ហិគឺកែងវែង
- ទីឃង្គុលីៈ មានអង្គុលីគឺម្រាមព្រះហស្ត និងម្រាមព្រះបាទវែង
- មុទុតលុនហត្ថបាទោៈ មានផ្ទៃព្រះហស្ត និងព្រះបាទទន់ល្មើយ
- ជាលហត្តបាទោៈ មានផ្ទៃព្រះហស្តនិងព្រះបាទប្រទាក់ក្រឡាដូចសំណាញ់
- ឧស្សង្ខបាទោៈ មានព្រះបាទដូចជាអណ្ដែតឡើងខាងលើ
- ឯណិជង្ឃោៈ មានព្រះជង្ឃាគឺស្មងរៀវមូលត្រសូលស្រដៀងនឹងសត្វទ្រាយ
- ឋិតកោ វ អនោនមន្តោៈ កាលបើទ្រង់ឈរមិនបាច់អោនព្រះអង្គចុះ
- កោសោហិតវត្ថគុយ្ហោៈ មានព្រះអង្គាវយវៈដែលត្រូវលាក់កំបាំងដោយសំពត់ឋិតនៅក្នុងស្រោម
- សុវណ្ណវណ្ណោ កាញ្ជនសន្និភតចោៈ មានស្បែកសម្បុរថ្ងៃ(លឿងភ្លឺអន្លង់) ដូចសម្បុរនៃមាស
- សុខុមច្ឆវីៈ មានព្រះឆវីគឺសម្បុរថ្ងៃ ល្អិតផូរផង់ រលីងស្រិល រអិលធូលីធ្លាក់មកមិនជាប់ព្រះកាយ
- ឯកេកលោមោៈ មានព្រះលោមាមួសរសៃៗគឺក្នុងរណ្ដៅរោមួយ មានរោមមួយ
- ឧទ្ធគ្គលោមោៈ មានព្រះលោមាមានចុងងឡើងលើគ្រប់សរសៃ មានចុងឡើងលើជាទក្ខិណាវដ្ដ វិលវង់ ពទ្ធពេនទៅខាងស្ដាំ មានសម្បុរខៀវដូចសម្បុរនៃផ្កាអញ្ជ័ន កួចមូលដុចជាកុណ្ឌល
- ព្រហ្មុជុគត្តោៈ មានព្រះកាយដូចកាយនៃព្រហ្ម
- សត្តុស្សទោៈ មានព្រះមំសៈគឺសាច់៧អន្លឺពេញបរិបូណ៌
- សីហបុព្វទ្ធកាយោៈ មានព្រះកាយពាក់កណ្ដាលខាងលើដូចជារាជសីហ៍
- បិត្តន្តរំសោៈ មានព្រះបិដ្ឋិគឺខ្នងពេញបរិបូណ៌
- និគ្រោធបរិមណ្ដលោៈ មានទ្រង់ទ្រាយព្រះកាយដូចជាបរិមណ្ឌលនៃដើមជ្រៃ ការបស់មហាបុរសក៏វែងនោះដែរគឺមានកាយនិងព្យាមស្មើគ្នា
- សមវដ្ដក្ខន្ធោៈ មានព្រះសូរងរាងមូលសម
- រសគ្គសគ្គីៈ មានព្រះប្រសាទគឺសរសៃល្អិតឆ្មារដ៏លើសលែងសម្រាប់ទទួលរសអាហារ
- សិហហនុៈ មានព្រះកានគឺចង្កាដុចចង្កានៃរាជសីហ៍
- ចត្តាឡីសទន្តោៈ មានព្រះទន្ត៤០គត់
- សមទន្តោៈ មានព្រះទន្តរាបស្មើ
- អវិរឡទន្តោៈ មានព្រះទន្តជិតស្និទ្ធល្អ
- សុសុក្កទាឋោៈ មានព្រះទាឋាគឺចង្កូមទាំង៤សស្អាត
- បហូរជិវ្ហោៈ មានព្រះជិវ្ហាដ៏ធំវែង
- ព្រហ្មស្សរោៈ មានព្រះសូរសព្ទដូចជាសំឡរងនៃព្រហ្ម
- អភិនីសនេត្តោៈ មានព្រះនេត្តខៀវស្រស់
- គោបខុមោៈ មានដួងព្រះនេត្រដូចជាភ្នែកនៃកូនគោ
- ឧណ្ណា ភមុកន្ដរេ ជាតាៈ មានព្រះឧណ្ណាលោមគឺរោមប្រជុំចិញ្ចើម ដុះត្រង់ចន្លោះនៃព្រះភមុកា (ចិញ្ចើម)មានពណ៌សក្បុស ទន់ល្មើយដូចជាសំលី
- ឧណ្ណីសសីសោៈ មានព្រះសិរ្សហាក់ដូចជាប្រដាប់ដោយក្បាំងមកុដស្រេចស្រាប់។
សម្គាល់ៈ ម្នាលភិក្ខុទាំងឡាយ ! ហេតុនេះឯងបានជាមហាបុរិសលក្ខណៈរបស់មហាបុរស។ ម្នាលភិក្ខុទាំងឡាយ! មហាបុរសប្រកបដោយមហាបុរិសទាំង៣២ប្រការនេះឯងទើបបានជាមានគតិពីរយ៉ាងមិនមែនក្រៅអំពីពីរយ៉ាង នេះឡើយគឺបើមហាបុរសនៅគ្រប់គ្រងគេហដ្ឋាននឹងបានជាសេ្ដចចក្រពត្តិ។ បើទ្រង់ចេញចាកគេហដ្ឋានទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធក្នុងលោកមានដំបូលគឺកិលេសបើកចេញហើយ។ ម្នាលភិក្ខុទាំងឡាយ! ពួកឥសីខាងក្រៅអួតថាតែងចេះចាំមហាបុរិសលក្ខណៈរបស់ព្រះមហាបុរសទាំង៣២ប្រការនេះឯង តែឥសីទាំងនោះឥតដឹងសោះ។ ព្រោះមហាបុរសបានធ្វើនូវកម្មនេះ។ល។ ទើបបាននូវលក្ខណៈនេះ។