សេចក្តីអត្ថាធិប្បាយ
ប្រទេសកម្ពុជាបានធ្វើកំណែទម្រង់នូវកម្មវិធីនយោបាយរបស់ខ្លួនច្រើនដំណាក់់កាលដើម្បីអភិវឌ្ឍប្រទេសឲ្យក្លាយជាប្រទេសមួយមានប្រព័ន្ធសេដ្ឋកិច្ចល្អប្រសើរ។ កម្ពុជាបានសម្រេចងាកចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារចាប់តាំងពីឆ្នាំ ១៩៩៣តាមស្មារតីនៃរដ្ឋធម្មនុញ្ញ។ គោលបំណងនៃការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីគឺធានានូវប្រយោជន៍សង្គម សមធម៌ និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង សេដ្ឋកិច្ចគ្រួសារទូទៅ។ ចំពោះបញ្ហាសេដ្ឋកិច្ចនេះមានទស្សនៈមួយយល់ថា " ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អ និង មានកំណើនរៀងរាល់ឆ្នាំនោះលុះត្រាតែគេលុបបំបាត់អំពើពុករលួយ ធ្វើកំណែទម្រង់សេដ្ឋកិច្ច និង រៀបចំអភិបាលកិច្ចល្អក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិឲ្យបានល្អ និង មានតម្លាភាព។តើការអនុវត្តបែបយុទ្ធសាស្រ្តខាងលើធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានដំណើរការយ៉ាងដូចម្តេចខ្លះ?
ដើម្បីងាយស្រួលដល់ការបកស្រាយឲ្យបានក្បោះក្បាយនិងស៊ីជម្រៅយើងគួរគប្បីយល់នូវន័យរបស់ពាក្យ " សេដ្ឋកិច្ច អំពើពុករលួយ អភិបាលកិច្ចល្អ និង តម្លាភាពជាមុនសិន។ ពាក្យថា " សេដ្ឋកិច្ច" មានន័យថា ដំណើរការនៃការប្រើប្រាស់ធនធាន និង ចំណូលចំណាយរបស់បុគ្គលម្នាក់ៗ។ រីឯពាក្យ "អំពើពុករលួយ ' សំដៅលើរាល់ទង្វើទាំងឡាយណាដែលកើតឡើងមកពីការស៊ីសំណូកសូកប៉ាន់កិបកេងថវិកាជាតិផ្សេងៗ។ ចំណែកឯពាក្យ " អភិបាលកិច្ចល្អ " មានន័យថា ការគ្រប់គ្រងដោយសមភាពយុត្តិធម៌។ រីឯពាក្យ " តម្លាភាព " មានន័យថា ការអនុវត្តសកម្មភាពអ្វីមួយមានលក្ខណៈសមស្រប និង មានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន។ យោងតាមអត្ថន័យរបស់ពាក្យខាងលើ ទស្សនៈរបស់ប្រធានមានន័យថា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិប្រទេសកម្ពុជាមានដំណើរការល្អនិងមានកំណើនរាល់ឆ្នាំលុះត្រាតែគេលុបបំបាត់នូវទង្វើឬសកម្មភាពទាំងឡាយកើតឡើងពីការស៊ីសំណូកសូកប៉ាន់ និង ការគ្រប់គ្រងដោយសមភាពយុត្តិធម៌ហើយគេហ៊ានទទួលខុសត្រូវចំពោះការងារទាំងឡាយ។
ជាការពិតណាស់ ប្រទេសកម្ពុជាបានអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីចាប់តាំងពីឆ្នាំ១៩៩៣មក។ ការអនុវត្តបែបនេះបានធ្វើឲ្យប្រជាជនកម្ពុជាប្រឡូកយ៉ាងសកម្មក្នុងជំនួញជួញដូរនូវផលិតផលនានាក្នុងទីផ្សារអន្តរជាតិ។ ចំណែកឯសេដ្ឋកិច្ចគ្រួសារវិញក៏មានសកម្មភាពមមារញឹកនៅលើទីផ្សារនានាក្នុងប្រទេសកម្ពុជាដែរ។ សេដ្ឋកិច្ចកម្ពុជាមួយផ្នែកធំផ្អែកលើវិស័យកសិកម្មព្រោះប្រជាជនកម្ពុជាភាគច្រើនជាកសិករ ហើយកសិផលនានាត្រូវបានគេនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះដែរសេដ្ឋកិច្ចវិទូនានាបានសម្លឹងមើលឃើញថាសក្តានុពលសេដ្ឋកិច្ចកម្ពុជាដែលយកធ្វើជាជញ្ជីងដើម្បីទប់ទល់ទៅនឹងលំនឹងពាណិជ្ជកម្មរបស់ប្រទេសនេះបានមានតែបញ្ហាចំបងមួយប៉ុណ្ណោះកឺកសិកម្ម។ គេពិនិត្យឃើញថាទោះបីកសិកម្មសព្វថ្ងៃផ្តល់នូវកំណើនសេដ្ឋកិច្ចប្រទេសខ្លះក៏ដោយក៏មិនអាចជំរុញឲ្យសេដ្ឋកិច្ចឲ្យរីកចម្រើនដែរ។គេសង្កេតឃើញថាឧស្សាហកម្មកាត់ដេរគឺបានផ្តល់នូវប្រាក់ចំណូលយ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ចជាតិ។រីឯវិស័យទេសចរណ៍វិញក៏បានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនដែរមកក្នុងថវិកាជាតិដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិផងដែរ។ ទោះបីបែបនេះក៏ដោយក៏សេដ្ឋកិច្ចប្រទេសកម្ពុជាមានឧបសគ្គដែរ។ ឧបសគ្គទាំងនោះគឺបណ្តាលមកពីបញ្ហាយ៉ាងច្រើនដូចជា អំពើពុករលួយ និង ការិយាធិបតេយ្យជាដើម។ ចំពោះការការការពារសុវត្ថិភាពដល់អ្នកវិនិយោគទុនគឺជាបញ្ហាដ៏សំខាន់មួយដែលអាចទាក់ទាញនូវការវិនិយោគបានច្រើនដែលជាផ្នែកមួយធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើននិងដំណើរការល្អផងដែរ។ ពិសេសជាងនេះទៅទៀតគេត្រូវចាត់វិធានការឲ្យបានតឹងតែងក្នុងការទប់ស្កាត់នូវការរត់ពន្ធទំនិញផ្សេងៗគេចពីការយកពន្ធរបស់មន្រ្តីគយព្រោះការបណ្តែតបណ្តោយឲ្យមានបាតុភាពនេះកើតឡើងវានឹងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះហើយដំណើរការមិនល្អ។ ដូច្នេះដើម្បីសម្រេចបាននូវវិធានការនេះគេត្រូវសហការពីក្រសួងទៅក្រសួងមួយដើម្បីបំពេញបាននូវវិធាននេះទទួលបានជោគជ័យ។ រួមមកដើម្បីឲ្យដំណើរសេដ្ឋកិច្ចកម្ពុជាមានកំណើនរៀងរាល់ឆ្នាំគឺគេត្រូវលុបបំបាត់អំពើពុករលួយ ពង្រឹងសន្តិសុខសង្គម ធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងប្រកដដោយតម្លាភាព និង អភិបាលកិច្ចល្អព្រមទាំងចាត់វិធានការលុបបំបាត់ការរត់ពន្ធជាដើម។
សរុបមកតាមរយៈអំណាងខាាងលើយើងអាចវាយតម្លៃសន្និដ្ឋានបានថាការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អ និង មានកំណើនរាល់ឆ្នាំនោះ គេត្រូវរៀបចំផែនការលុបបំបាត់អំពើពុករលួយដោយសហការគ្នាអនុវត្តច្បាប់ និង ពង្រឹងសន្តិសុខសង្គម រក្សាសុវត្ថិភាពជូនអ្នកវិនិយោគទុន និង រកទីផ្សារសម្រាប់លក់កសិផលរបស់កសិករ ព្រមទាំងធ្វើការកែទម្រង់នូវប្រព័ន្ធសេដ្ឋកិច្ច និងធ្វើការគ្រប់គ្រងប្រកបដោយអភិបាលកិច្ចល្អ និង តម្លាភាព។ ជាពិសេសមន្ត្រីគយត្រូវតែមានឆន្ទៈ និង មនសិការ ឧត្តមគតិជាតិក្នុងការបំពេញតួនាទីក្នុងការប្រមូលពន្ធសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ជាតិឲ្យមានដំណើរការល្អទាន់សេដ្ឋកិច្ចរបស់ជាតិដទៃក្នុងពិភពលោក៕