សេចក្តីអត្ថាធិប្បាយ
ជាតិខ្មែរមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើសកលលោក ត្រង់ខ្មែរមានសម្បតិ្តវប្បធម៌ច្រើនសំបូរ បែបពាសពេញផ្ទៃប្រទេសវាជាមរតកដ៏មានតំលៃពុំអាចកាត់ថ្លៃបាន នៃជនជាតិខ្មែរ និង មនុស្សជាតិទាំងសកល។ ក្នុងន័យខាងលើនេះមានទស្សនៈមួយលើកឡើងថា “សម្បតិ្តវប្បធម៌ខ្មែរ ពុំគ្រាន់តែជាបេតិកភណ្ឌរបស់ខ្មែរប៉ុណ្ណោះទេតែក៏ជាបេតិកភណ្ឌ របស់ពិភពលោកទាំងមូលទៀតផង” ។តើទស្សនៈខាងលើនេះមានអត្ថន័យដូចម្តេច?
ដើម្បីធ្វើការបកស្រាយនួវទស្សនៈរបស់ប្រធានខាងលើ យើងគប្បីយល់ន័យរបស់ពាក្យ សម្បតិ្តវប្បធម៌ខ្មែរ និងបេតិកភណ្ឌ ជាមុនសិន។ សម្បត្តិវប្បធម៌ខ្មែរគឺ សំដៅទៅលើ សម្បតិ្ត ដែលកើតឡើងដោយបុព្វបុរសខ្មែរ។ ឯបេតិកភណ្ឌគឺ ជាសម្បតិ្តបន្សល់ពីដូនតា មានតំលៃវិសេសវិសាលតំណាងអោយប្រទេសជាតិនីមួយៗ។ តាមន័យខាងលើទស្សនៈ របស់ប្រធានចង់បញ្ជាក់ពីសម្បតិ្តដ៏ប្រសើរនានា ដែលជាស្នាដៃដ៏ពិសិដ្ឋដែលដូនតាខ្មែរ បានបន្សល់ទុកមកបានបង្កើតផ្តល់គុណតំលៃដល់ខ្មែរដែលជាម្ចាស់ស្រុកផងហើយក៏ជាសម្បត្តិនៃមនុស្សជាតិទូទាំងពិភពលាកផងដែរ។
ជាការពិតណាស់ថា សម្បតិ្តវប្បធម៌ខ្មែរជាបេតិកភណ្ឌនៃជាតិខ្មែរពិតប្រាកដ ព្រោះថា ខ្មែរជាប្រទេសមានសម្បតិ្តវប្បធម៌ដ៏ច្រើនស្អេកស្កះជាស្នាដៃដ៏ពិសិដ្ឋ នៃបុព្វ បុរសរបស់ខ្លួនមានប្រាង្គប្រាសាទរាប់ពាន់ប្រកបដោយក្បូរក្បាច់រចនាដ៏វិចិត្រមានសិល្បៈ តន្ត្រីច្រើនប្រភេទដូចជា ពិណពាទ្យ ភ្លេងការ ភ្លេងខ្លងខែក ឆៃយ៉ាំ សិល្បៈសៀក របាំល្ខោន។ល។ ក្នុងនោះដែរខ្មែរមានសំណង់បូជនីយដ្ឋានជាច្រើនកន្លែងស្រប ទៅតាម ក្បូនខ្នាតត្រឹមត្រូវនិងបម្រើដល់ប្រពៃណីទំនៀមទំលាប់ការរស់នៅរបស់ខ្លួន។ សម្បត្តិទាំង អស់នោះស្ថិតលើទឹកដីខ្មែរពេញច្បាប់ ខ្មែរជាអ្នកកាន់កាប់គ្រប់គ្រងថែរក្សាក្នុង ខេត្ត ស្រុក ភូមិខ្មែរ ហើយខ្មែរចេះចាំសំដែងផ្សព្វផ្សាយ និង មានស្ថិរភាពនៅលើទឹកដីខ្មែរតាំង ពីបុរាណកាលមក។ ខ្មែរជាអ្នកកសាងបង្កើតដោយគំនិតច្នៃប្រឌិត តស៊ូព្យាយាមស្រាវ ជ្រាវ ចំណាយធនធាន កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ទម្រាំតែកើតរូបរាងល្អប្រណីត ពិរោះ រណ្តំ មានទឹកដម ស្របទៅតាមជំនឿនិងចំណង់ចំណូលចិត្តខ្មែរដែលពេញនិយម។សម្បត្តិវប្បធម៌ខ្មែរតែវាជាបេតិកភណ្ឌពិភពលោកគឺ អាស្រ័យដោយសម្បត្តិ ទាំង អស់នេះអាចអោយបរទេសមកទស្សនា ស្តាប់កំសាន្ត តាមចិត្តប្រាថ្នា ដោយចំណាយ ធនធានស្របទៅតាមទីកន្លែងដែលខ្លួនចង់ឃើញចង់ឮ។ ម៉្យាងវិញទៀតសកលលោក អាចយកស្នាដៃទាំងនេះ មកសិក្សាស្រាវជ្រាវ រៀនសូត្របន្ត ដោយសេរី ដើម្បីបង្កើន សមត្ថភាពផ្សេងៗ ពីជាតិសាសន៍ខ្មែរ ដែលជាកោសិកាមួយនៃពិភពលោក រួចបន្តផ្សព្វផ្សាយអោយជាតិសាសន៍ដទៃបានស្គាល់ខ្មែរកាន់តែច្បាស់ឡើង។ សម្បត្តិបេតិកភណ្ឌ ខ្មែរ បានលើកតំលៃមនុស្សខ្មែរ និងរួមចំនែក លើកតម្លៃមនុស្សជាតិទាំងមូលស្ថាបនា ប្រវតិ្តសាស្ត្រមនុស្សជាតិកាន់តែខ្ពង់ខ្ពស់សក្តិសម ជាមនុស្សប្រកបដោយបញ្ញាញាណ គំនិតស្មារតី និង ច្នៃប្រឌិត។ លើសពីនេះទៀតដោយសារតែសម្បត្តិបេតិកភណ្ឌខ្មែរនេះ ទើបធ្វើអោយគេស្គាល់ពីសង្គមសាស្ត្រវប្បធម៌ខ្មែរការវិវត្តន៍នៃសង្គមខ្មែរស្គាល់ពូជពង្ស កំណើតភាសាអក្សរ និង ទេពកោសល្យខ្មែរជាសក្ខីភាព នៃសម្បត្តិវប្បធម៌ខ្មែរនេះហើយ ទើបអង្គការបេតិកភណ្ឌពិភពលាកយូណេស្កូបានដាក់បញ្ចូលប្រាសាទអង្គរវត្តរបស់ខ្មែរជា សម្បត្តិពិភពលាកនៅថ្ងៃទី ១៤ ធ្នូ ១៩៩២ របាំព្រះរាជទ្រព្យនៅ ថ្ងៃទី០៧ វិច្ឆិកា ២០០៣ ល្ខោនស្បែកធំនៅ ថ្ងៃទី២២វិច្ឆិកា ២០០៥ និងចុងក្រោយគឺ ប្រសាទព្រះវិហារ នៅថ្ងៃទី ៧ កក្កដា ២០០៨ កន្លងទៅនេះ។ ដោយសារច្បាស់ពីតួនាទីសម្បត្តិវប្បធម៌ជាផ្នែកមួយ នៃបេតិកភណ្ឌពិភពលោកបានជាតាំងពីដើមរៀងមក បច្ចុប្បន្នអង្គការយូណេស្កូបានចាត់ វិធានការអំពាវនាវដល់ប្រទេសនានាលើសកលលោកអោយជួយសង្រ្គោះប្រាសាទបុរាណខ្មែរ ទាំងអស់នៅតំបន់អង្គរ និង ពិសេសប្រាសាទអង្គរវត្តដែលទទួលរងគ្រោះពីគ្រោះ ធម្មជាតិ និង កត្តាផ្សេងៗទៀត។
សរុបសេចក្តីមកសម្បត្តិវប្បធម៌ខ្មែរជាបេតិកភណ្ឌខ្មែរផងនិង ជាបេតិកភណ្ឌពិភពលោកផង។ ខ្មែរជាអ្នកដែលបានកសាងពិតប្រាកដមែន តែខ្មែរជាផ្នែកមួយនៃពិភពលោក ដូចនេះបេតិកភណ្ឌខ្មែរក៏ចាត់ទុកជាបេតិកភណ្ឌពិភពលាកដែរ។
ឆ្លងតាមការបកស្រាយខាងលើ យើងអាចវាយតម្លៃបានថា សម្បត្តិវប្បធម៌ខ្មែរ ជាសម្បត្តិដ៏មានតម្លៃខ្ពស់បំផុត ដែលបានលើកស្ទួយជាតិខ្មែរអោយមានកេរ្តិ៍ឈ្មោះល្បីល្បាញ លើឆាកអន្តរជាតិ។ ដូចនេះយើងកូនចៅខ្មែរជំនាន់ក្រោយ ត្រូវបន្តសហការការពារ សម្បត្តិដ៏មានតម្លៃទាំងនេះអោយស្ថិតគង់វង្សជាអមតៈសំរាប់មនុស្សជាតិទាំងអស់គ្នា។