ប្រធានទី៣១៖ មានទស្សនៈមួយពោលថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។ ចូរពន្យល់។

សំណេរតែងសេចក្ដី
សេចក្តីអត្ថាធិប្បាយ
            វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវី​អ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណៈមនុស្ស លក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ។ និយាយពាក់ព័ន្ធទៅនឹងលក្ខណៈជាតិជាប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដា្ឋនខ្លះបានលើកឡើងថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។
            តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ?
            ដើម្បីបានជាស្ពានឈានទៅដល់ការបកស្រាយចំណោទបញ្ហារបស់ប្រធានខាងលើឲ្យកាន់​តែជាលក្ខណៈ​ពិស្តារប្រកបដោយខ្លឹមសារកាន់តែបានស៊ីជម្រៅមួយកម្រិតទេ្វឡើងទៀតនោះ គេចាំបាច់ត្រូវតែយល់ជាមុនសិននូវអត្ថន័យនៃពាក្យ “លក្ខណៈជាតិនៃអក្សរសិល្ប៍” , “ចារឹក” និង “អត្តសញ្ញាណជាតិខ្មែរ”។ ពាក្យថា “លក្ខណៈជាតិនៃអក្សរសិល្ប៍” គឺជាលក្ខណៈពិសេសរបស់​ជាតិនីមួយៗលេចធ្លោខុសពីជាតិដទៃដែលស្តែងចេញតាមរយៈអក្សរសិល្ប៍។ ចំពោះពាក្យថា “ចារឹក” នោះគឺការសរសេរ ចារ កត់ត្រា បង្ហាញ។ ដោយឡែកពាក្យថា “អត្តសញ្ញាណជាតិខ្មែរ” បានដល់សញ្ញាដែលធ្វើឲ្យគេស្គាល់ពីខ្មែរ។មតិដែលវិភាគឃើញដោយប្រធានខាងលើមានអត្ថ​ន័យចង់និយាយថាគេអាចស្គាល់ជាតិខ្មែរបានដោយរំពឹងមើលទៅក្នុងលក្ខណៈជាតិរបស់អក្សរ​សិល្ប៍។
ជាមួយនឹងការសិក្សាចលនាអក្សរសិល្ប៍រួចមកហើយ បានជាមូលហេតុដែលធ្វើឲ្យស្រទាប់​យុវវ័យខ្មែរអ្នកសិក្សា​ផ្តោតការយល់ឃើញរបស់ខ្លួនថា “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្ត​សញ្ញាណខ្មែរ”។
ពិតដូចការលើកឡើងរបស់មតិខាងលើនេះមែន គេអាចស្គាល់ជាតិខ្មែរបានជា​ប្រត្យក្សតាមរយៈលក្ខណៈជាតិខ្មែរដែលគេកត់ត្រាឃើញក្នុងរឿងរ៉ាវអក្សរសិល្ប៍។ យ៉ាងណាមិញបើគេសិក្សារឿងភូមិតិរច្ឆាន គេនឹងបានស្គាល់ខ្មែរតាមរយៈជំនឿដែលជាទូទៅ​មនុស្សខ្មែរតែងតែជឿលើវត្ថុសក្តិសិទ្ធិ មានទម្លាប់ក្នុងការបន់ស្រន់ បួងសួងដូចនៅក្នុងរឿង​ភូមិតិរច្ឆាន គេឃើញថាពួកទាហានបារាំងដែលមានទាហានខ្លះជុះអាចម៍រាករូស គ្រុនក្តៅ ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមិនគោរពវត្ថុសក្តិសិទ្ធិដែលនៅថែរក្សាវិហារព្រះកែវមរកត។ ស្ថិតនៅក្នុងទម្លាប់បន់ស្រន់គេឃើញថាមាននារីខ្លះដែលមានសង្សាចុះកប៉ាល់ទៅច្បាំងនៅស្រុកបា​រាំង​បានលួចទៅបន់ស្រន់ព្រះអង្គដងកើ​ឲ្យបារមីព្រះអង្គទៅជួយគាំពារ ធានាថែរក្សាសង្សាឲ្យឆាប់​មក​ស្រុកខ្មែរវិញ។ ក្នុងរឿងដដែលនេះ​គេឃើញមនុស្សខ្មែរមានជំនឿលើអព្ភូតហេតុធម្មជាតិដូចបានបង្ហាញថាមានរន្ទះបាញ់ចេតិយព្រះវិ​ហារព្រះកែវមរកតខាងត្បូង។ តាមជំនឿគេថាស្រុកនឹងកើតគ្រោះវឹកវរ ចលាចល ឬកើតមានហេតុ​ទុរភិក្ស។ ដំណើររឿងបាន​បង្ហាញ​នូវជំនឿរបស់ខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ខណៈ​ពេល​ដែលគេរត់ទៅ​ពួន​​នៅលើភ្នំតាបាំង អ្នកភូមិក្រាំងលាវបានយកដីនៅតាមក្រហែងថ្ម​មកបាចសាចលើក្បាលដើម្បីឲ្យព្រះធរណីជួយបិទបាំង កុំឲ្យបារាំងឃើញ។ បើគេនិយាយពី​លក្ខណៈជាតិខ្មែរនោះគេពុំភ្លេចទាល់តែសោះឡើយថាខ្មែរគឺជាប្រជាជាតិមួយដែលមានទម្លាប់ជា​ទំនៀមក្នុងការចូលចែចូវ ចូលស្តីដណ្តឹងដូចជាសុវណ្ណដែលជាពោះម៉ាយកូនមួយបានឲ្យមេបា​ចាស់ទុំចូលទៅស្តីដណ្តឹងនាងតំ ក្រមុំសៅកែមកជាគូដណ្តឹង ជាប្រពន្ធទី២របស់ខ្លួនប៉ុន្តែបើគេមើល​មក​ក្នុងរឿងទុំទាវ នោះគេនឹងឃើញពីលក្ខណៈជាតិរបស់ខ្មែរនៅសម័យលង្វែក គឺមនុស្សខ្មែរមានទម្លាប់របស់ខ្លួនមួយគឺថាបើអ្នកមានកូនប្រុសគេទម្លាប់ឲ្យចូលសាងផ្នួស។ បើបួសជាសាមណេរដូចនេនទុំ និងនេនពេជ្រគឺបួសដើម្បីសងគុណម្តាយ តែបើបួសជាភិក្ខុគឺបួស​ដើម្បីសងគុណឪពុក។ បើនិយាយពីរឿងជំនឿវិញ គេឃើញថាខ្មែរនាសម័យលង្វែកនិយមជឿលើ​មន្តអាគម អូមអាមដូចនាយទុំទៅស្មូត្រនៅផ្ទះម្តាយទាវបានដាក់មន្តសារិកាលិនថោងឲ្យពិរោះ​ក្រអួនដើម្បីទាក់ទាញអ្នកស្តាប់ឲ្យចេះតែចូលចិត្តស្តាប់។ ដោយឡែកចំណែកអ្នកមានកូនស្រី ដូចករណីម្តាយទាវតែងទម្លាប់ឲ្យកូនស្រីចូលម្លប់។ បើគេរំពឹងសំលឹងមើលមកក្នុងវិស័យជំនឿ គេឃើញមនុស្សសម័យលង្វែកនិយមជឿ​លើមន្តអាគមផង ជឿលើការទស្សទាយផងដូចព្រះគ្រូ​ចៅ​អធិការវត្តវិហារធំ មុនពេលឲ្យទុំលាចាកសិក្ខាបទ លោកគ្រូបានទាញក្តារ ទាញដីសមកគូស​វៀស​លេខអត្តមើលជោគជតារាសីជាមុនសិន។សិក្សាអំពីប្រពៃណីឃើញថាសង្គមខ្មែរសម័យ​លង្វែកមានប្រពៃណីជាក់លាក់របស់ខ្លួនដោយអនុវត្តតាមទស្សនៈ “នំមិនធំជាងនាឡិ” ដែលមាតា​បិតាដែលមានកូនប្រុសកូនស្រីមិនផ្តល់សិទ្ធិស្វ័យសម្រេចឲ្យកូនៗនោះទេ គឺឪពុកម្តាយជាអ្នក​សម្រច​​អ្វីៗគ្រប់យ៉ាង។ ទំនៀមទម្លាប់នោះក៏ដូចជាសម័យបច្ចុប្បន្នដែរគឺកូនប្រុសត្រូវតែចុលខ្លួន​ទៅរៀបការនៅផ្ទះខាងកូនស្រី ដូចករណីម៉ឺនងួនត្រូវរៀបការជាមួយនឹងនាងទាវនៅផ្ទះខាងស្រី។ ចំពោះសាសនាវិញគេឃើញសង្គមខ្មែរសម័យលង្វែកផ្តោតជំនឿលើព្រះពុទ្ធសាសនានិកាយហិន​យានទទួលឥទ្ធិពលពីមហាយានមានអ្នកបួសក្នុងសំណាក់ពុទ្ធសាសនានេះដែរ។
ដូចនេះបើនិយាយឲ្យខ្លីក្នុងអត្ថន័យជាសរុបសេចក្តីមកឃើញថាតាមរយៈលក្ខណៈជាតិខ្មែរ​ដែលកវីនិពន្ធបានកត់ត្រាក្នុងបណ្តាស្នាដៃអក្សរសិល្ប៍ខ្មែរនានាសុទ្ធសឹងតែជាសញ្ញាសំគាល់ឲ្យគេ​ស្គាល់មនុស្សខ្មែរបានដោយងាយ។
            យោងតាមបណ្តាហេតុផលដែលបានលើកបង្ហាញរួចហើយខាងលើ​ អាចឲ្យយើងធ្វើការវិនិច្ឆ័យ វាយតម្លៃទស្សនៈលើកឡើងរបស់ប្រធានថាពិតជាមានអត្ថន័យត្រឹមត្រូវសមស្របដែលយើងអាច​ទទួលបានដោយហេតុថាអក្សរសិល្ប៍ខ្មែរមានសារៈសំខាន់ដូចខាងលើទើបតម្រូវឲ្យយុវសិក្ខាកាម​ជនលើកស្ទួយវប្បធម៌ អក្សរសាស្ត្រសីលធម៌ដូចជា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”។