ប្រធានទី៣៥៖ សុភាសិតបុរាណខ្មែរមួយឃ្លាបានចែងថា៖ «ងើយស្រក​ ឱន​ដាក់​គ្រាប់​» ចូលពន្យល់សុភាសិតនេះអោយបានក្បោះក្បាយ និងលើកឧទាហរណ៍មកបញ្ចាក់។

សំណេរតែងសេចក្ដី
សេចក្តីអត្ថាធិប្យាយ
            មនុស្ស​ដែល​កើត​នៅ​ក្នុង​ពិភពលោក​នេះ​ ចម្រុះ​ទៅ​ដោយ​ពណ៌​សម្បុរ​ និង​មាន​អត្ថចរិត​ផ្សេង​​ពី​គ្នា​ ខ្លះ​ល្អ​ ខ្លះ​អាក្រក់​ រី​ឯ​ខ្លះ​ទៀត​ព្រហើន​កោង​កាច​ក្អេង​ក្អាង​ លើក​តំកើង​ខ្លួន​ឯង​ហួស​ហេតុ​ ថែម​ទាំង​ធ្វើ​ឲ្យ​គេ​ស្អប់​ ព្រមទាំង​បាត់​បង់​តម្លៃ​ទៀត​ផង​ រី​ឯ​បុគ្គល​ខ្លះ​ទៀត​ចេះ​សម្រប​ខ្លួន​ ដាក់​ខ្លួន​ ស្គាល់​កាលៈទេសៈ​ ហើយ​ថែម​ទាំង​ចេះ​គោរព​ចាស់​​ទុំ​ គ្រូ​ ឬ​ក៏​រៀម​ច្បង​​ផងដែរ​​ ទី​បំផុត​ក៏​មាន​អ្នក​ស្រឡាញ់​រាប់​អាន​ច្រើន​ យ៉ាង​ណា​មិញ​ គេ​សង្កេត​ឃើញ​ថា​មនុស្ស​ទាំងអស់​ ទោះ​បី​អាក្រក់​យ៉ាង​ណា​ក៏​អាច​អប់រំ​បាន​ដែរ​។ ដោយ​ហេតុ​ផល​នេះ​ហើយ ទើប​ដូន​តា​ខ្មែរ​បង្កើត​ជា​សុភាសិត​មួយ​ឡើង​យ៉ាង​ដូច្នេះ​ថា «​ងើយ​ស្រក​ ឱន​ដាក់​គ្រាប់​»។​
            តើ​សុភាសិត​នេះ​មាន​ន័យ​អប់រំ​យ៉ាង​ដូចម្ដេច​?
            ដើម្បី​ជា​ស្ពាន​ចម្លង​ទៅ​ដល់​ការ​បក​ស្រាយ​សុភាសិត​នេះ​ គួរ​គប្បី​យល់នូវ​ពាក្យ​គន្លឺ​មួយ​ចំនួន​សិន​ ដូចជា «ងើយ​»​ និង​ «ស្កក​»​។ ពាក្យ​ «​ងើយ​»​ មាន​ន័យ​ថា សម្លឹង​មើល​ទៅ​លើ​ ដោយ​មិន​មើល​អ្នក​នៅ​ក្រោម​ៗ​ឡើយ រី​ឯ​ ​«ស្កក» គឺ​ខក​ខាន​ អត់​ប្រយោជន៍​។ សុភាសិត​ទាំងមូល​នេះ​ ​បើ​តាម​ន័យ​ត្រង់​ សំដៅ​ទៅ​លើ​ដើម​ស្រូវ​ កាលណា​ វាយ​ងើយ​ឡើង​ទៅ​លើគឺ​គ្មាន​គ្រាប់​ស្រូវ​ទេ ប់ុន្តែ​បើ​វា​ឱន​ ប្រាកដ​ជា​មាន​គ្រាប់​ស្រូវ​មិន​ខាន​ នេះ​បើ​តាម​ន័យ​ធៀប​ចង់​សំដៅ​ថា បុគ្គ​ល​ដែល​ចេះ​ដាក់​ខ្លួន​ រមែង​មាន​គេ​ចូលចិត្ត​ គោរព​ស្រឡាញ់​ និង​ឲ្យ​តម្លៃ​ ចំណែក​បុគ្គល​ដែល​មាន​អំនួត​ក្អេង​ក្អាង​ មិន​ចេះ​​ឱន​លំទោន​ ច្រើន​តែ​ទទួល​នូវ​ការ​ស្អប់​ខ្ពើម​ពី​អ្នក​ផង​ទាំង​ឡាយ​។​
ជា​ការ​ពិត​ណាស់​ មនុស្ស​នៅ​ក្នុង​សង្គម​សម័យ​ថ្មី​នេះ​​មាន​ការ​រីកចម្រើន​ខ្លាំង​ណាស់​ ខ្លះ​ស្ទើរ​តែ​ភ្លើត​ភ្លើន​ទៅ​តាម​សម្ភារនិយម រី​ឯ​ខ្លះ​មាន​ចិត្ត​នឹងន​ ស្រឡាញ៉​ការ​សិក្សា​រៀន​សូត្រ​ និង​ចេះ​គោរព​ចាស់​ទុំ​ផង​ដែរ​។ ជា​ទឡ្ហីករណ៍ មនុស្ស​ដែល​អួត​ថា​ខ្លួន​ចេះ​គ្រប់​យ៉ាង​ រមែង​ចាញ់​អាត្មា​ ទី​បំផុត​ក៏​ត្រូវ​គេ​ជាន់​កែង​ខ្លួន​ឯង​ ហើយ​ទទួល​រង​នូវ​ក្ដី​អាម៉ាស់​ តួយ៉ាង​ បើ​យើង​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ ហើយ​ត្រូវ​វង្វេង​ផ្លូវ​ ត្រូវ​ចេះ​ជំរាប​សួ​គេ ចេះ​សំពះ​ទៅ​តាម​បែប​បទ​នៃ​សីលធម៌​ខ្មែរ​ ហើយ​សឹម​សួរ​គេ​នូវ​តំបន់​ណា​ដែល​យើង​ចង់​ទៅ​ តែ​បើ​មក​ដល់​ យើង​ប្រើ​ពាក្យ​អសុរោះ​មិន​គោរព​គេ គេ​ប្រាកដ​​វាយ​តម្លៃ​យើង​ភ្លាម​ថាជា បុគ្គល​អសីលធម៌​ ហើយ​ជួន​កាល​គេ​មិន​ឆ្លើយ​តប​វិញ​ផង​ក៏​ថា​បាន​។ រឿង​​មួយ​ទៀត​ ​ទោះ​បី​ខ្លួន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ត្រូវ​ចេះ​ចូល​រួម​ក្នុង​សង្គម​ដែរ​ ដោយ​សារ​តែ​ក្នុង​លោក​នេះ​មិន​មែន​មាន​តែ​យើង​ម្នាក់​ទេ អ្វី​ដែល​យើង​មិន​ដឹង​ អ្នក​ផ្សេង​អាច​ដឹង ទោះ​បី​អ្នក​នោះ​ជា​អ្នក​សុំទានក្ដី ឬ​កសិករ​ក្រីក្រ ឬ​ជា​ក្មេង​ក្ដី គឺ​សុទ្ធ​តែ​គ្រូ​យើង​ទាំង​អស់​ ដូច​ពាក្យ​ចាស់​តែង​ពោលថា​​ «ចេះ​ឯង​ ឲ្យ​ក្រែង​ចេះ​គេ​»​ ឬ​មួយ​ទៀត​ថា «​ភ្នំ​ខ្ពស់​គង់​ទាប​ជាង​ស្មៅ​»​។ ​ការ​រស់​នៅ​ក្នុង​សង្គម​ ត្រូវ​ចេះ​មើល​គេ​មើល​ឯង​ គេ​រស់​បែប​ណា យើង​ក៏​រស់​បែប​នោះ​បាន​ដែរ ឲ្យ​តែ​វិធី​សុចរិត​ត្រឹម​ត្រូវ​។ ម្យ៉ាង​វិញ​ទៀត ការ​ចេះដាក់​ខ្លួន​ រមែង​ទទួល​បាន​នូវ​តម្លៃ និង​ការ​កោត​សរសើរ​ពី​គ្រប់​​បុគ្គល​នានា​គ្រប់​មជ្ឍដ្ឋាន​ និង​អាច​រៀន​សូត្រ​រាល់​ចំណេះ​ថ្មី​ៗ​ទៀត​ផង​។ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​នោះ សូម​ក្រឡេក​ទៅ​មើល​អក្សរសិល្ប៍​ខ្មែរ​មួយ​ចំនួន​។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា តួអង្គ​ចៅចិត្រ​ នៅ​ក្នុង​រឿង​កុលាប​ប៉ែលិន​ ចេះ​ដាក់​ខ្លួន​ធ្វើ​ការ​ជា​កម្មករ​ជីក​ត្បូង ដោយ​មិន​រើស​អើង​ឡើយ​ គេ​បាន​លះបង់​កម្លាំង​យុវវ័យ​របស់​ខ្លួន​ដើម្បី​ការងារ​ ហើយ​ចេះ​រាប់​អាន​មិត្ត​ៗ​កម្ម​ករ​ដូច​គ្នា​យ៉ាង​ស្អិត​ល្មួត​ទៀត​ផង​។ ជាង​​នេះ​ទៅ​ទៀត ចៅចិត្រ​មាន​សីលធម៌​ខ្ពស់​ ចេះ​គោរព​ចាស់​ទុំ​ ចាស់​ព្រឹទ្ធាចារ្យ​ និង​ចៅ​ហ្វាយ​នាយ​របស់​ខ្លួន​ ដោយ​ប្រើ​ពាក្យ​សម្ដី​ពីរោះ​ពិសា ទន់ភ្លន់​ ប៉ុន្តែ​ពុំ​​មាន​ពុត​ត្បុត​ឡើយ​ ដែល​ខុស​ពី​លោកបាឡាត់​ស្រុក​សង្កែ ដែល​តែង​តែ​និយាយ​ក្អេង​ក្អាង​ អាង​អំណាច​ មើល​ងាយ​អ្នក​ក្រ​ មិន​ចេះ​ឲ្យ​តម្លៃ​អ្នក​តូចទាប​ជាង​ខ្លួន​ ចំណុច​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​នាង​ឃុន នារី​ មិន​ពេញ​ចិត្ត​រូប​លោក​ឡើយ​។ បន្ថែម​ពី​នេះ លោក ហ្លួង​រតនសម្បត្តិ​ គឺ​ជា​មហាសេដ្ឋី​ដែល​ចេះ​ រាប់អាន​កូនចៅ​ មិន​ប្រកាន់​ឋានៈ​បុណ្យ​សក្ដិ​ ឬ​បុណ្យ​សក្ដី​ លោក​បាន​រៀន​សូត្រ​ច្រើន​ពី​អ្នក​ក្រ​ ដែល​ធ្វើ​លោក​យល់​ដឹង​ច្រើន​ពី​បញ្ហា​របស់​អ្នក​ក្រ ហេតុ​នេះ​ហើយ​គេ​សង្កេត​ឃើញ​ថា កម្ម​ករ​ដែល​នៅ​ក្រោម​បង្គាប់​របស់លោក​​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​លោក​ សុទ្ធ​តែ​គោរព​និង​​ពេញ​ចិត្ត​លោក​គ្រប់​គ្នា​។​ ក្រៅ​នេះ​ នៅ​ក្នុង​អក្សរសិល្ប៍​រឿង ផ្កា​ស្រពោន ដែល​ជា​វណ្ណកម្ម​របស់​លោក នូ ហាច​ ក៏​ស​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ ប៊ុន​ធឿន​ មិន​ត្រឹម​តែ​មាន​ចំណេះ​ដឹង​ទេ ថែម​ទាំង​មាន​សុជីវធម៌​ក្នុង​ការ​រស់​នៅ​ទៀត​ផង​ ដែល​ខុស​ពី​ ណៃ​ស៊ត​ គឺ​មាន​ចរិត​ព្រហើន​អាង​ជា​កូន​អ្នក​មាន មិន​គោរព​ចាស់​ទុំ​ ធ្វើ​ឲ្យ​អ្នក​ភូមិ​ស្អប់​ខ្ពើម​ សូម្បី​តែ​នាង​វិធាវី​ ក៏​មិន​ពេញ​ចិត្ត​ដែរ​ ហើយ​នាង​សុខ​ចិត្ត​ក៏​មិន​ប្រាថ្នា​ បុគ្គល​ដែល​ «​ងើយ​ស្ក​ក​»​ ដែរ គឺ​ប្រាថ្នា​តែ​ប៊ុនធឿន​មួយ​គត់ ដែល​​អាច​ហៅ​បាន​ថា ​បុរស​ «​ឱន​ដាក់​គ្រាប់​»​។ តាមរយៈ​រឿង​ទុំទាវ​ ដែល​ជា​ស្នាដៃ​របស់​ភិក្ខុ​សោម បាន​លាត​ត្រដាង​ឲ្យ​ឃើញ​នូវ​ការ​ប្រើ​អំណាច​របស់​បក្ស​ពួក​អរជួន​ ដែល​មាន​សភាព​ព្រៃ​ផ្សៃ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ហ៊ាន​ពង្រាត់​ប្ដី​ប្រពន្ធ​ស្រប​ច្បាស់​របស់​គេ​គឺ​ទុំនិង​ទាវ ដែល​ព្រះ​រាជា​ជា​អ្នក​ផ្សំផ្គុំ​ឲ្យ​ រហូត​ឈាន​ដល់​សម្លាប់​ទុំ​នៅ​ក្រោម​ដើម​ពោធិ៍​ជើង​ខាល​ រី​ឯ​នាង​ទាវ​ក៏​ធ្វើ​អត្តឃាត​ទៅ​តាម​ទុំ​ដែរ​។ សោកនាដកម្ម​នេះ​​ក៏​បាន​លេច​ឮ​ទៅ​ដល់​ព្រះ​កាណ៌​របស់​ព្រះ​បាទ​រាមា​ជើង​ព្រៃ​ ហើយ​ព្រះ​អង្គ​ខ្ញាល់​ជា​ខ្លាំង​ ក៏​លើក​រេហ៍ពល​យាង​មក​ដោយ​អង្គ​ឯង ហើយ​កាត់​ទោស​បក្សពួក​អរជួន​ឲ្យ​ក្ស័យ​មរណា​។ ទាំង​នេះ​គឺ​សុទ្ធតែ​ជា​ទង្វើ​ព្រហើន​របស់​បក្ស​ពួក​អរជួន​នេះ​ ទើប​ទទួល​លទ្ធផល​បែប​នេះ​។ យ៉ាង​ណា​មិញ​ រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ លោក សួន សុរិន្ទ បាន​បង្ហាញ​ឲ្យ​ឃើញ​រាល់​សកម្ម​ភាព​ទាំង​អស់​របស់​តួអង្គ​ សម​ ដែល​ចេះ​ស្រឡាញ់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ហើយ​គោរព​មនុស្ស​ទាំង​អស់​ទោះ​ចាស់​ក្មេង​មាន​ក្រ​ក្ដី​ សម​មិន​ដែល​ប្រើ​ពាក្យ​ឬ​បញ្ចេញ​អាកប្បកិរិយា​មើល​ងាយ​មើល​ថោក​នរណា​ម្នាក់​ឡើយ​។ សកម្ម​ភាព​នេះ​ធ្វើ​ឲ្យ​សម​ ទទួល​បាន​មក​វិញ​នូវ​ការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សំណាក់​តួអង្គ​ក្នុង​ក្ដី​និង​អ្នក​អាន​ អ្នក​សិក្សា​ក្ដី​។
សរុប​មក​ឃើញ​ថា​ ការ​ដែល​មនុស្ស​ចេះ​ដាក់​ខ្លួន​ឱនលំទោន​ដោយ​ភាព​ទន់​ភ្លន់​នោះ មិន​ខ្លះ​ទេ​អ្នក​ជួយ​ជ្រោម​ជ្រែង​ កុំ​ឲ្យ​តែ​មាន​អំនួត​អួត​អាង​ ទោះ​បី​អ្នក​ឯង​មាន​ដល់​ណា​ក្ដី​ក៏​គ្មាន​តម្លៃ​ដែរ​​ ហើយ​រឹត​តែ​ទទួល​បាន​នូវ​ការ​ស្អប់​ខ្ពើម​បំផុត​ ថា​មិន​ត្រូវ​អាច​នឹង​បាត់បង់​តំណែង ឬ​ជីវិត​វៀត​ផង​។​
            យោង​តាម​ការ​បក​ស្រាយ​យ៉ាង​ក្បោះក្បាយ​ខាង​លើ​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា សុភាសិត​នេះ​ពិត​ជា​មាន​តម្លៃ​អប់រំ​យ៉ាង​ខ្ពង់ខ្ពស់​ក្នុង​ការ​បណ្ដុះ​ឲ្យ​មនុស្ស​គ្រប់​រូប​ចេះ​រស់​នៅ​ក្នុង​សង្គម​ដោយ​គ្មាន​ការ​រើស​អើង​ និង​ការ​មាន​សីលធម៌​ក្នុង​ខ្លួន​។ ដូចនេះ​ ក្នុង​នាម​ជា​អ្នក​សិក្សា​ គួរ​គប្បី​ស្វែង​យល់​ពី​អ្វី​ៗ​ឲ្យ​បាន​ច្រើន ហើយ​មិន​ត្រូវ​ប្រកាន់​ខ្លួន ឬ​រើសអើង​នរណា​ម្នាក់​ឡើយ ចូរ​ចង​ចាំ​ថា អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង គឺ​សុទ្ធ​តែ​ជា​គ្រូ​របស់​យើង​ទាំង​អស់​។