មុទិតាប្រែថាត្រេកអរតាម
គឺជាដំណើរនៃចិត្តដែលទន់ភ្លន់ទៅរកអ្នកដទៃនៅពេលដែលអ្នកដទៃបានសុខ ឬបានលាភបានយស។
សូមអោយមុទិតាជាអាភរណៈគឺគ្រឿងប្រដាប់កាយនៃកូនប្រុសស្រីទាំងឡាយ ឪពុកសង្កេតឃើញថាមនុស្សចំនួនច្រើនដោយប្រក្រតីមិនសូវមាននូវមុទិតាជាមួយនឹងអ្នកដទៃឡើយ
មុទិតាគឺជាការសម្តែងចេញនូវសេចក្ដីត្រេកអរតាម ពោលគឺរួមត្រេកអរទាំងផ្លូវកាយ ផ្លួវវាចា
ទាំងផ្លូវចិត្តជាមួយអ្នកដែលបានជួបប្រសព្វនឹងសេចក្ដីសម្រេចនូវប្រយោជន៍នោះៗ។
មុទិតាប្រែថាត្រេកអរតាម ឥស្សាប្រែថាមិនត្រេកអរតាម ដោយអំណាចនៃចិត្តឫស្សាពោលគឺការច្រណែន។
ចូរកូនចាំទុកថាសត្រូវដ៏សំខាន់របស់មុទិតាគឺឥស្សា កាលបើច្រណែនហើយចិត្តក៏មិនត្រេកអរ
មិនការពេញចិត្ត មានសភាពញាប់ញ័រដូចជាចោរយកសត្រាវុធមកភ្ជង់ត្រង់ដើមទ្រូងដូច្នោះឯង
កាលណាបើបានដឹងថាអ្នកដទៃបានល្អហើយមិនថាជាបងប្អូន ជាមុស្សរមការងារ ឬជាអ្នកមានគុណណាៗឡើយអ្នកដែលមានឥស្សាក៏ដល់នូវការស្លុតចិត្តបែបម្យ៉ាង
មានការអន់ចិត្តជាដើម បើមិនទប់ស្កាត់ទេវានឹងបណ្ដាលអោយមានរឿងមិនល្អផ្សេងៗកើតឡើងដែលជារឿងគួអោយខ្លាច។
វិធីកម្ចាត់ឥស្សាគឺចម្រើនមុទិតា
មានសទ្ធាជឿហេតុផល មានបញ្ញាយល់ដឹងដល់រឿងក្នុងលោកមិនយល់ថាសម្បត្តិក្នុងលោកវាអស្ចារ្យណាស់នោះទេ
តាមពិតវាគ្រាន់តែសម្រាប់ដោះស្រាយនូវសេចក្ដីទុក្ខលំបាកប្រចាំរូបកាយតែប៉ុណ្ណោះ
បើរូបកាយមិនមានហើយមិនចាំបាច់ទ្រព្យសម្បត្តិអ្វីបន្តិចបន្តួចឡើយ ដូចជាថ្នាំសម្រាប់ព្យាបាលរោគ
ថ្នាំមិនមែនសំខាន់អ្វីជាងការមិនមានរោគនោះទេ។ ដូច្នេះខ្លឹមសារសំខាន់សម្រាប់ជីវិតគឺការប្រព្រឹត្តធម៌ដើម្បីរំលត់ទុក្ខ
កូនត្រូវហាត់អប់រំចម្រើននូវមុទិតា ចាប់ផ្ដើមពីក្រុមគ្រួសារទៅមុន រួចហើយផ្សាយពង្រីកទៅអ្នកដទៃខាងក្រៅទៀត
ឥស្សាក៏នឹងសាបសូន្យទៅ ម្លោះហើយកូនមាសឪពុកដែលមានតែមុទិតាចំពោះអ្នកដទៃយ៉ាងនេះ
សិរីសួស្ដីនឹង សេចក្ដីសុចក៏ចូលមករកជីវិតរបស់កូនព្រមគ្នានឹងគុណធម៌ផ្សេងៗទៀតដ៏ច្រើន
ចូរកូនកុំភ្លេច មុទិតា មុទិតា មុទិតា!!!