ដូចម្ដេចដែលហៅថាសូរព្យញ្ជនៈ? មានប៉ុន្មានបញ្ចែក? អ្វីខ្លះ?

សូរព្យញ្ជនៈ ជាសូរសំឡេងដែលកើតមកពីដំណើរខ្យល់តាមបំពង់សំឡេង បន្លឺឡើង ដោយមានទំនប់ប្រកបដោយភាពពុំច្បាស់លាស់។​ 


គេអាចចែកសូរព្យញ្ជនៈតាមលក្ខណៈបីបញ្ចែកគឺ៖
  • តាមលក្ខណៈខ្យល់ៈ គេចែកសូរព្យញ្ជនៈជាបីប្រភេទគឺ៖
    • ព្យញ្ជនៈខ្យល់ស្ទះ: ជាព្យញ្ជនៈដែលបន្លឺឡើងដោយមានការរៀបចំ បម្រឹង និងបំលាស់ ប្ដូរកន្លែង​នៃ​ប្រដាប់សំឡេង។ ព្យញ្ជនៈខ្យល់ស្ទះមានពីរគឺព្យញ្ជនៈខ្យល់ស្ទះមានខ្យល់ (ខឃ ឆឈ ឋឍ ថធ ផភ)​ និងព្យញ្ជនៈខ្យល់ស្ទះគ្មានខ្យល់ (កគ ចជ  ដឌ តទ បប៊ ប៉ព អអ៊)។
    • ព្យញ្ជនៈខ្យល់ច្រមុះ: ជាព្យញ្ជនៈដែលបន្លឺឡើងដោយមានភាពរំពង​ក្នុងច្រមុះ។ព្យញ្ជនៈ​​ខ្យល់​ច្រមុះមានង៉ង ញ៉ញ ណន៉ន ម៉ម។
    • ព្យញ្ជនៈខ្យល់បង្ហូរត្រដុស: ជាព្យញ្ជនៈដែលបន្លឺឡើង ដោយមានដំណើរខ្យល់ផ្លុំបង្ហូរ ត្រដុស។ ព្យញ្ជនៈខ្យល់បង្ហូរត្រដុសមានយ៉យ រ៉រ ឡល៉ល វ៉វ សស៊ ហហ៊។
  • តាមលក្ខណៈឮៈ គេចែកសូរព្យញ្ជនៈជាពីរប្រភេទគឺ៖
    • សូរព្យញ្ជនៈឮៈ ជាសូរព្យញ្ជនៈដែលធ្វើឲ្យចន្លោះខ្សែសំឡេងញាប់ញ័រ។    សូរព្យញ្ជនៈ ឮ មាន ដឌ បប៊ ង៉ង ញ៉ញ ណន៉ន ម៉ម យ៉យ រ៉រ ឡល៉ល វ៉វ។
    • សូរព្យញ្ជនៈថ្លង់ៈ ជាសូរព្យញ្ជនៈដែលពុំធ្វើឲ្យចន្លោះខ្សែសំឡេងញាប់ញ័រឡើយ។  សូរព្យញ្ជនៈ​ថ្លង់មាន​​​កគ ខឃ ចជ ឆឈ តទ ឋឍ ថធ ប៉ព ផភ សស៊ ហហ៊ អអ៊។
  • តាមលក្ខណៈបន្លឺៈ គេចែកសូរព្យញ្ជនៈជា៨ប្រភេទគឺ៖
    • ព្យញ្ជនៈបបូរមាត់ៈ កើតត្រង់បបូរមាត់ មានបប៊ ប៉ព ផភ ម៉ម។
    • ព្យញ្ជនៈធ្មេញៈ កើតត្រង់ធ្មេញមុខ មានវ៉វ។
    • ព្យញ្ជនៈក្រអូមមុខៈ កើតត្រង់ក្រអូមមុខ មានរ៉រ។
    • ព្យញ្ជនៈគន្លាក់ក្រអូមៈ កើតត្រង់គន្លាក់ក្រអូម មានដឌ តទ ថធ ឋឍ ណន សស៊ លឡ។
    • ព្យញ្ជនៈក្រអូមកណ្ដាលៈ កើតត្រង់ក្រអូមកណ្ដាល មានចជ ឆឈ ញ៉ញ យ៉យ។
    • ព្យញ្ជនៈក្រអូមក្រោយៈ កើតត្រង់ក្រអូមក្រោយ មានកគ ខឃ ង៉ង។
    • ព្យញ្ជនៈដើមមាត់ៈ កើតត្រង់សន្ទះដើមមាត់ មានហហ៊។
    • ព្យញ្ជនៈចន្លោះខ្សែសំឡេងៈ កើតត្រង់សន្ទះខ្សែសំឡេង មានអអ៊។