ដូចម្ដេចដែលហៅថាវិធីតែងនិពន្ធ? មានធាតុសំខាន់ៗអ្វីខ្លះ? ចូរបក​ស្រាយពន្យល់។


វិធីតែងនិពន្ធៈ ជាការធ្វើទូទៅកម្មទៅលើតថភាព (វត្ថុវិស័យ និងប្រធានវិស័យ) ដោយបញ្ចូលធាតុសិល្បៈ លើករឿងធម្មតាទៅមិនធម្មតា និងលើករឿងមិនធម្មតាទៅធម្មតា។ 


ធាតុសំខាន់ៗនៃវិធីតែងនិពន្ធមាន៖
  • រូបារម្មណ៍ៈ អ្នកនិពន្ធត្រូវមាន៖
    • ចេះបង្កើតតួអង្គតំណាងចិត្តគំនិត ឧត្តមគតិផ្ទាល់។
    • ចេះបង្កើតប្រព័ន្ធហេតុការណ៍ ដែលមានរបៀបរៀបរយល្អ។
    • មានសមត្ថភាពលំនឹកចងចាំបានល្អ។
    • មានបុគ្គលិកលក្ខណៈល្អ (ទឹកចិត្ត សញ្ចេតនា ឧត្តមគតិ ទំនោរ អត្តចរិត) មាន ឧត្តម គតិដោយឡែក មានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ភូមិសាស្ត្រ សីលធម៌ ព្រមទាំងចេះសំយោគតថភាពខាងក្នុង និងតថភាពខាងក្រៅ។
  • មាគ៌ាឆ្ពោះទៅរកទេពកោសល្យៈ អ្នកនិពន្ធត្រូវមានទេពកោសល្យ ទុនជីវិត ទុនវប្បធម៌ ទុនវិជ្ជាជីវៈ និងមានឆន្ទៈមុតស្រួច។
  • ដំណួចគំនិត ជាការប្រមូលគំនិត ប្រមូលអារម្មណ៍ ផ្ដោតគំនិតឲ្យមូល។អ្នកនិពន្ធខ្លះគូរប្លង់រួចចាប់ផ្ដើមនិពន្ធ តែអ្នកនិពន្ធខ្លះ ពេលមានដំណួចគំនិត ក៏ចាប់ផ្ដើមសរសេរតែម្ដង។
  • ដំណាក់កាលតែងនិពន្ធ មាន៥ដំណាក់កាលគឺ៖
    • ភ្នកគំនិតៈ (កំណត់ប្រធានរឿង)។
    • ការប្រមូលផ្ដុំឯកសារៈ (ទាក់ទងដំណើររឿង ស្គាល់ភូមិសាស្ត្រ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​)។​
    • ការកសាងទម្រង់ៈ (ធ្វើគម្រោងប្លង់)។
    • ដំណាក់សរសេររឿងៈ (អាចដូរគម្រោង ឬចូលទៅក្នុងពិភពប្រលោមលោក)។
    • ដំណាក់ជួសជុលៈ (បន្ថែម ឬបន្ថយឲ្យកាន់តែល្អ)។
  •  សិល្ប៍វិធីក្នុងការតែងនិពន្ធ មាន ៖
    • វចនវិធីៈ ជាវិធីនៃការប្រើប្រាស់ពាក្យពេចន៍ក្នុងអត្ថបទឲ្យស្របតាមស្ថានភាពសង្គមបរិយាកាស តួនាទី ឋានៈ មុខរបរ និងប្រភេទរឿងនីមួយៗ។
    • រចនាវិធីៈ ជាវិធីនៃការប្រើប្រាស់ឃ្លាល្បះដើម្បីឲ្យស្នាដៃមានសម្រស់ទាក់ទាញអារម្មណ៍ បង្កើតបានបរិយាកាសអណ្ដែតអណ្ដូង ធ្វើឲ្យអ្នកអាន​​ អ្នកស្ដាប់រំភើប រីករាយ ទុក្ខ ព្រួយ ជក់ចិត្ត ដិតអារម្មណ៍។
    • សន្ទេហវិធីៈ  ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យអ្នកអាន អ្នកស្ដាប់ អ្នកទស្សនា ងឿងឆ្ងល់ ចង់តាម​ដាន​ ចង់ដឹងហើយ ចង់ដឹងទៀតពីបញ្ហាដែលកំពុងចោទនៅក្នុងដំណើររឿង។
    • បដិវិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គមានទំនាស់វិបត្តិគ្នាខាងពាក្យសម្ដី កាយវិការ វាចា ចិត្ត។
    • វណ្ណនាវិធីៈ ជាវិធីដែលអ្នកនិពន្ធលើកយកតួអង្គ ព្រឹត្តិការណ៍ ធម្មជាតិ ទេសភាព សកម្មភាព មកពណ៌នារៀបរាប់ឲ្យឃើញច្បាស់ហាក់នៅនឹងភ្នែកស្រស់ៗ។
    • ឧបមានវិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើការប្រៀបធៀបតួអង្គ ឬសកម្មភាព នៅក្នុង ដំណើររឿងដើម្បីរំលេចនូវជីវរូបារម្មណ៍ ឬមនោរម្មណ៍។
    • សំវាទវិធីៈជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គចាប់ពីពីរនាក់ ឡើងសន្ទនាឆ្លើយឆ្លងគ្នាពីបញ្ហាអ្វី មួយ។
    • ឯកវាទវិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គរងទុក្ខទោសឈឺចាប់ក្នុងខ្លួន ឬមាន វិប្បដិសារីពីរឿងអ្វីមួយ ដោយមានការរំកពីហេតុភេទ ឬរឿងរបស់ខ្លួនតែម្នាក់ឯង។
    • វេសមវិធីៈ ជាវិធីដែលអ្នកនិពន្ធបង្ហាញភាពផ្ទុយគ្នានៅក្នុងគំនិត ហេតុការណ៍ រូប លក្ខណៈដើម្បីធ្វើឲ្យឃើញ ឬយល់កាន់តែច្បាស់ថែមទៀត។
    • វឌ្ឍមានវិធីៈ ជាវិធីដែលអ្នកនិពន្ធប្រើដើម្បីធ្វើឲ្យដំណើររឿងកាន់តែតឹងតែង ឡើងៗ តាំងពីកម្រិតទាបរហូតដល់កម្រិតខ្ពស់។
    • ឧបកថាវិធីៈ ជាវិធីដែលអ្នកនិពន្ធចែកដំណើររឿងជាដំណាក់ៗ។
    • សមន្តវិធីៈ ជាវិធីដែលអ្នកនិពន្ធលើកយកតួអង្គដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា មកធ្វើជា​គូ​ទំនាស់។
    • អបេក្ខណៈវិធីៈ ជាវិធីពណ៌នារៀបរាប់បង្ហាញតួអង្គឲ្យស្របទៅតាមកាយវិការ ចរិយា និង​សកម្មភាព។
    • បុនរុត្តិវិធីៈ ជាវិធីតែងកាព្យដែលធ្វើឲ្យផ្ទួនពាក្យសម្ដី ដើម្បីបញ្ជាក់ សកម្មភាពរបស់តួអង្គឲ្យកាន់តែជាក់ស្ដែងថែមទៀត។
    • ហាសវិធីៈ ជាវិធីដែលអ្នកនិពន្ធប្រើក្នុងដំណើររឿងធ្វើឲ្យអ្នកអាន អ្នកស្ដាប់ អ្នកទស្សនាផ្ទុះសំណើច​ដោយមិនដឹងខ្លួន។
    • ប្រលោមវិធីៈ ជាវិធីដែលអ្នកនិពន្ធចេះលួងលោមបបោសអង្អែលអ្នកអាន អ្នកស្ដាប់ អ្នក​ទស្សនា ឲ្យរីករាយរំភើបតាមដំណើររឿង។
    • ទារុណវិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យដំណើររឿងមានភាពកម្សត់ ព្រាត់ប្រាស និង ការធ្វើទុក្ខទោសតួអង្គ។