មនុស្សល្អប្រៀបដូចផ្កាដែលគេចូលចិត្ត


            កូនមាសឪពុក!
ផ្កាឈើជាទីពេញចិត្តនៃមេឃ្មុំ យ៉ាងណារបស់ស្អុយទាំងឡាយមានលាមក និងសាកសពជាដើមក៏ជាទីពេញចិត្តនៃសត្វរុយយ៉ាងនោះដែរ បើកូនសម្លាញ់របស់ឪពុកមានកាយកម្មល្អ មានវាចារល្អ និងមានចិត្តល្អរមែង
ប្រៀបដូចជាផ្កាឈើ តែបើកូនមានកាយកម្មមិនល្អ វាចារមិនល្អ និងចិត្តមិនល្អទេកូនក៏ប្រៀបបាននឹងរបស់ដែលស្អុយដែរ។ កូនមាសឪពុកគប្បីជ្រើសរើសយកដោយខ្លួនឯងតើកូនត្រូវការអោយរុយវារោម ឬត្រូវអោយឃ្មុំមកក្រេប បើកូនត្រូវការអោយឃ្មុំមកទំក្រេបកូនត្រូវបដិបត្តិខ្លួនអោយមានកាយកម្មល្អស្អាត វាចារល្អស្អាត និងចិត្តល្អស្អាត ពោលគឺកូនត្រូវជាមនុស្សមានសីល មានធម៌។
បើកូនប្រព្រឹត្តផ្ទុយពីល្អស្អាតកូនត្រូវបានជួបតែជាមួយរុយដែលនាំមកតែសេចក្ដីសៅហ្មង និងសេចក្ដីវិនាសមកដល់កូនយ៉ាងពិតប្រាកដ។ មេឃ្មុំក្រេចផ្កាមិនធ្វើអោយខូចផ្កាតែនាំលម្អងកេសរយកទៅធ្វើជាទឹកផ្អែម ឯខ្លួនឯងជាផ្កាសម្រេចបានជាផ្លែញ៉ាំងប្រយោជន៍ក្នុងលោកអោយបរិបូណ៌។ នៅនឹងខ្លួនមេឃ្មុំមិនមានមេរោគ មិនមានរបស់ស្មោគគ្រោគ មានតែលម្អងកេសរផ្កា នេះជាឈ្មោះនៃមនុស្សល្អ បើកូនជាមនុស្សផ្កាកូននឹងមានមនុស្សល្អមករកកូន ញ៉ាំងប្រយោជន៍អោយទូលំទូលាយ ម្យ៉ាងទៀតមេឃ្មុំជាឈ្មោះនៃសិរីសួស្ដី ឪសូមអោយពរដល់កូន សូមអោយកូនបានជាមនុស្សល្អប្រៀបបីដូចជាផ្កាឈើ សូមអោយកូនបានឆ្លងរួចពីការសៅហ្មង កុំជាមនុស្សស្អុយឡើយ។