អក្សរសិល្ប៍មានលក្ខណៈសំខាន់ៗ៖
- លក្ខណៈមនុស្សៈ ជាការលើកយកបញ្ហាមនុស្សមកចោទនិងដោះស្រាយតាមសកម្មភាពធម្មតា ដោយ លើកយកតួអង្គតំណាងមនុស្ស ក្នុងសង្គមជានិច្ច។
- លក្ខណៈសង្គមៈ ជាការលើកយកបញ្ហាមនុស្សក្នុងសង្គមណាមួយមកចោទនិងដោះស្រាយតាមសភាព លក្ខណៈរបស់ខ្លួន តំណាងសង្គមារម្មណ៍ ទ្រទ្រង់មូលទស្សនៈសង្គមទាំងមូល។
- លក្ខណៈវណ្ណៈ ជាការលើកយកមនសិការរបស់មនុស្សក្នុងវណ្ណៈសង្គមណាមួយមកចោទ និងដោះស្រាយ តាមរយៈចរិតលក្ខណៈ ការរស់នៅ ទឹកចិត្ត សញ្ចេតនា ផលប្រយោជន៍របស់វណ្ណៈនោះ ហើយស្ដែងឡើងតាមរយៈអក្សរសិល្ប៍។
- លក្ខណៈប្រជាជនៈ ជាការយកចិត្តទុកដាក់លើជីវភាពប្រជាជនទាំងភាសាស្មារតី សម្ភារៈ ហើយនិយាយពីផ្នត់គំនិត សតិអារម្មណ៍ ព្រលឹង ចំណូលចិត្ត មនោសញ្ចេតនា ឧត្តមគតិ សុច្ឆន្ទៈ តម្រូវការ ការកេងប្រវញ្ច និងផលប្រយោជន៍ប្រជាជន។ អ្នកនិពន្ធច្រើន ប្រើប្រាស់ភាសា ពាក្យពេចន៍ របស់មហាជនស្រួលអាន ស្រួលស្ដាប់ ងាយយល់។
- លក្ខណៈបក្សៈ ជាលក្ខណៈដែលផ្ដើមចេញពីលក្ខណៈវណ្ណៈ ដែលជាសារជាតិក្រឹត្យក្រមសង្គម ពេលមនុស្សមានការបែងចែកជាក្រុម តាមទស្សនៈ គោលការណ៍ លទ្ធិ និង មនោគមវិជ្ជា។លក្ខណៈពិសេសរបស់លក្ខណៈបក្សមានការបំផុសឧត្តមគតិ ស្មារតី ជំនឿ ឥទ្ធិពល សកម្មភាពទៅនឹងមាគ៌ាបក្ស ដោយផ្សារភ្ជាប់ផលប្រយោជន៍ជាតិ។
- លក្ខណៈប្រវត្តិៈ ជាលក្ខណៈដែលទាក់ទងសម័យកាល និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្ដែងនៅក្នុងសង្គម។
- លក្ខណៈជាតិៈ ជាលក្ខណៈពិសេសរបស់ជាតិមួយដែលលេចធ្លោខុសពីជាតិមួយទៀតដូចជា ជំនឿ ទំនៀមទម្លាប់ ប្រពៃណី ទស្សនៈ ចិត្តគំនិត អាកប្បកិរិយាផ្សេងៗដែលទ្រទ្រង់ព្រលឹងជាតិ ហើយស្ដែងឡើងតាមរយៈអក្សរសិល្ប៍។
- លក្ខណៈអន្តរជាតិៈ ជាលក្ខណៈមួយរបស់អក្សរសិល្ប៍ដែលមានតម្លៃទ្រង់ទ្រាយវប្បធម៌ ជាតិហើយជាតិដទៃបានមករៀនសូត្រ ផ្សព្វផ្សាយនៅក្នុងអន្តរជាតិរបស់គេ។លក្ខណៈអន្តរជាតិជាស្នាដៃដែលបម្រើឧត្តមគតិ ផលប្រយោជន៍មនុស្សជាតិ សមូហភាព ស៊ីជម្រៅលើសង្គមសាស្ត្រ មនោគមវិជ្ជា នយោបាយ ការរីកចម្រើននៃវិទ្យាសាស្ត្របច្ចេកទេសសម្រាប់ទុកជាបទពិសោធន៍ត្រិះរិះពិចារណា និងអនុវត្តឲ្យមានសុភមង្គល។
