ការស្រឡាញ់ដោយធម៌មេត្តាកើតឡើងដោយហេតុបួនយ៉ាង

            កូនមាសឪពុក!
ក្នុងផែនពសុធានេះតាំងពីដើមរហូតមកគ្រប់យ៉ាងជារបស់គូគ្នា មានងងឹតមានភ្លឺ មានល្អមានអាក្រក់ ប្រសិនបើអោយរើសចំពោះរបស់ដែលខ្លួនឯងពេញចិត្តហើយគ្រប់គ្នារមែងប្រាថ្នាតែរបស់ដែលល្អ តែតាមពិតសេចក្ដីប្រាថ្នានោះទាល់តែមានការប្រព្រឹត្តអោយបានត្រឹមត្រូវទើបបាននូវសេចក្ដីល្អបាន។ 
ការដើរផ្លូវពោលគឺការប្រព្រឹត្តដើម្បីអោយបានសេចក្ដីល្អសមតាមបំណងប្រាថ្នាគឺការស្រឡាញ់អ្នកដទៃ ជាការស្រឡាញ់ដោយសេចក្ដីរាប់អានដោយចិត្តមេត្តា ព្រោះការស្រឡាញ់បែបនេះអាចដោះស្រាយនូវបញ្ហា
បានធ្វើអោយលោកនេះមានតែសុខសន្ដិភាព។ មេត្តាជាធម៌សាងលោក និងទ្រទ្រង់លោក ការស្រឡាញ់អ្នកដទៃដោយធម៌មេត្តានឹងកើតឡើងបានឪពុកសូមប្រាប់ដល់កូនដូចតទៅ៖

  • សូមអោយសម្លឹងមើលដល់អ្នកដទៃថាជាមិត្តរួមកើត រួមចាស់ រួមឈឺ រួមស្លាប់ជាមួយគ្នាទាំងអស់ មិនថាអតីតៈ អនាគត ឬបច្ចុប្បន្នឡើយ។
  • សម្លឹងមើលផ្នែកល្អនៃសត្វលោក និងសម្លឹងមើលបំណងប្រាថ្នានៃសត្វលោកដែលចង់បានសេចក្ដីសុខដូចៗគ្នា ព្រំទាំងសម្លឹងមើលសង្ខារលោកតាមសេចក្ដីពិតផង។
  • មានសេចក្ដីសណ្ដោស គឺមានការពេលចិត្តតាមមានតាមបានជាភូមិឋានក្នុងជីវិត មានបានយ៉ាងណាក៏ព្រមល្មមយ៉ាងនោះ មិនប្រកាន់ស្អិតព្រោះឃើញនូវហេតុដែលសមគួរជាមួយផល សូមអោយកូនគិតថា មានក៏ល្អមិនមានក៏បាន ពេញចិត្តរបស់ដែលសមគួរជារបស់ដែលបានមកដោយសុចរឹត ចិញ្ចឹមជីវិតដោយទ្រព្យត្រជាក់ត្រជុំ។
  • មានការតាំងចិត្តមាំ ឃើញទោសនៃសេចក្ដីខ្ជិល ឃើញប្រយោជន៍នៃសេចក្ដីព្យាយាម កាលបើបានជួបនូចរបស់មិនជាទីប្រាថ្នាត្រូវកូនធ្វើទុកក្នុងចិត្តថា លាភយស សុខទុក្ខ សសើរនិន្ទា អត់លាភអត់យស ជាច្បាប់ធម្មតារបស់ជីវិត បើក្ដៅខ្លាំងកូនត្រូវពាក់មួយ ឬបាំងឆ័ត្រ កូនមិនត្រូវខឹងប្រទុស្ដនឹងក្ដៅឡើយ។
ចំណុចទីមួយ និងទីពីរជាហេតុនៃចិត្តមេត្តា ចំណុចទីបីសេចក្ដីសណ្ដោសរារាំងលោភៈព្រោះបើលោភៈច្រើននាំអោយខូចការរាប់អានរហូតនាំចូលទៅរកការបៀតបៀនទៀតផង ចំណុចទីបួបគឺព្យាយាមជាគូនឹងសណ្ដោសញ៉ាំងជីវិតអោយមានស្ថេរភាព ជាប្រយោជន៍ដល់ការរក្សានូវគុណធម៌ ម្យ៉ាងទៀតការមិនញាប់ញ័រនឹងលោកធម៌មិនទាស់ចិត្តជាមួយនឹងរបស់ធម្មតាឈ្មោះថាមានធម៌ជាទីពឹង បុគ្គលមានធម៌ជាទីពឹងរមែងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ ចូរកូនចាំទុកថា «ខឹងក្រោធនឹងអ្នកដទៃគឺលត់ជង្គង់អង្វរសូមសេចក្ដិសុចពីអ្នកដទៃ» ឯការស្រឡាញ់រាប់អានអ្នកដទៃជាការចែកនូវសេចក្ដីសុខដែលខ្លួនមានយ៉ាងសម្បូរអោយដល់អ្នកដទៃ។ បើកូនចេះស្រឡាញ់រាប់អានអ្នកដទៃប្រកបដោយធមឥមេត្តាហើយ កូននឹងបាននូវសេចក្ដីល្អសមតាមបំណងប្រាថ្នាបីដូចកូនមាសឪពុកមានទេវតាតាមថែរក្សាអញ្ចឹងឯង។