កូនមាសឪពុកត្រូវជាមនុស្សដូចតទៅ៖

កូនស្រីឪត្រូវជាមនុស្សមិនរឹងត្អឹង                            តែបើរឹងត្រូវរឹងប៉ឹងប្រឹងសិក្សា
កូនប្រុសឪត្រូវជាមនុស្សមានប្រាជ្ញា                         ព្រះផ្ដាំថាកុំស្នេហាស្រាស្រីល្បែង។
កូនស្រីឪត្រូវជាមនុស្សមិនជាប់នុយ                   កុំស្នេហ៍លុយស្អុយកេរ្ដិ៍ឈ្មោះរស់ដូចផ្សែង
កូនស្រីឪត្រូវជាមនុស្សចេះក្លាចក្រែង                        ព្រះសម្ដែងត្រូវទម្លាប់ជាប់សីលវិញ។
កូនប្រុសឪត្រូវជាមនុស្សចេះស្មោះត្រង់                     កុំតាមចង់ក្រែងមិនសុខទុក្ខម្នោម្និញ
កុនប្រុសឪត្រូវជាមនុស្សតាមចេះវិញ                        ត្រូវបំពេញធម៌សណ្ដោសប្រោសមេត្តា។

កូនស្រីឪត្រូវជាមនុស្សមិនប្រមាថ                           ជាស្រីឆ្លាតចេះប្រមើលមើលកិច្ចការ
កូនស្រីឪត្រូវជាមនុស្សទន់ចរិយា                            តែយ៉ាងណាសូមស្រីមុំកុំទន់ខ្សោយ។
កូនប្រុសឪត្រូវជាមនុស្សចេះអត់ធន់                         ការស្រាលធ្ងន់កុំទម្រន់ទន់បណ្ដោយ
កូនប្រុសឪត្រូវជាមនុស្សមិនថយក្រោយ                    កុំចាំអោយមនុស្សស្រីច្រានបានទៅមុខ។
កូនស្រីឪត្រូវជមនុស្សមិនឡេះឡោះ                        ពាក្យពិរោះមានរបៀបរៀបទំនុក
កូនស្រីឪត្រូវជាមនុស្សរក្សាសុខ                             បើក្លាចទុក្ខកុំជាមនុស្សទ្រុស្ដសីលធម៌។
កូនប្រុសឪត្រូវជាមនុស្សចេះស្គាល់ខ្លួន                     ចិត្តមាំមួនមិនអំណួតអួតខ្ទារខ្ទ័រ
កូនប្រុសឪត្រូវជាមនុស្សមិនញាប់ញ័រ                       ជួបលោកធម៌ត្រូវពិចារថាមិនទៀង។
កូនស្រីឪត្រូវជាមនុស្សចេះដឹងគុណ                         ជាដើមទុននៃជីវិតពិតជាស្បៀង
កូនស្រីឪត្រូវជាមនុស្សមិនលម្អៀង                          សម្ដីទៀងពិតប្រាកដមាត់ក្រអូប។
កូនប្រុសឪត្រូវជាមនុស្សចេះចាប់ផ្ដើម                       កុំច្បិចច្បើមត្រូវប្រឹងប្រែងក្រែងខ្វះហូប
កូនប្រុសឪត្រូវជាមនុស្សមិនចេះល្មោភ                     តែបើទ្រោបទ្រោលដល់ខ្ជិលរិលបញ្ញា។
កូនស្រីឪត្រូវជាមនុស្សមិនច្រណែន                         រៀបបែបផែនជាមង្គលដល់គ្រួសារ
កូនស្រីឪត្រូវជាមនុស្សមានមេត្តា                            មិនឥស្សាក្នុងជីវិតពិតជាស្ងប់។
កូនប្រុសឪត្រូវជាមនុស្សដឹងប្រមាណ                       ក្នុងខ្លួនប្រាណរាល់យប់ថ្ងៃលៃអោយកប់
កូនប្រុសឪត្រូវជាមនុស្សមិនអភ័ព្វ                           មិនត្រូវជាប់គ្រឿងញៀនញ៉ាមកាមគុណប្រាំ។
កូនប្រុសស្រីត្រូវជាមនុស្សទ្រុស្ដមិត្តភក្ដិ                     កុំជំពាក់ទ្រព្យបំណុលបុលបញ្ចាំ
កុំរ៉ាប់រងធានាទ្រព្យជាប់គ្រោះកម្ម                            ឪសូមផ្ដាំកម្មវេរាជាគ្រោះកាច។
កូនប្រុសស្រីកុំជាមនុស្សទ្រុស្ដសីលា                        កុំគិតថាសីលនេះណាខ្លាកំណាច
តាមពិតសីលជាទេវតាក្លាអង់អាច                           មានអំណាចអាចប្រហារខ្លាកិលេស។
កូនប្រុសស្រីកុំជាមនុស្សទ្រុស្ដមាតា                         ស្រីនេះណាជាព្រះព្រហ្មកុំប្រហែស
តែព្រហើនហ៊ានឃោរឃៅត្រូវភ្លើងឆេះ                      ជាតិអ្នកចេះត្រិះរិះដឹងប្រឹងបូជា។
កូនប្រុសស្រីកុំជាមនុស្សទ្រុស្ដបិតា                          ត្រូវដឹងថាប្រុសនេះណាជាព្រហ្មា
បានសុខហើយក្នុងជំរុំព្រហ្មវិហារ                             ត្រូវម្នីម្នាគ្នារលឹកនឹកតបគុណ។
កូនប្រុសស្រីកុំជាមនុស្សទ្រុស្ដព្រះពុទ្ធ                       ត្រូចលំអុតកាយវាចារប្រាថ្នាបុណ្យ
កូនមានទានសីលភាវនាជាដើមទុន                         ផុតទារុណចាកអបាយឆ្ងាយពីទុក្ខ។
កូនប្រុសស្រីកុំជាមនុស្សទ្រុស្ដព្រះធម៌                       កុំជាប់ជ័រនៃកាមគុណស៊ុនក្នុងគុក
ប្រឹងដើរតាមស្នាមព្រះបាទព្រះជាន់ទុក                     កុំសម្រុកធ្វើដំណើរដើរផ្លូវមារ។
កូនប្រុសស្រីកុំជាមនុស្សទ្រុស្ដព្រះសង្ឃ                     ត្រូវនឹកត្រង់អង្គសាវ័កព្រះភគវា

ទ្រង់សាសនាព្រះជិនស្រីល្បីខ្ទ័រខ្ទារ                          ក្រងធម្មាជាបិដក វិ.សុ.អ.៕