ដូចម្ដេចដែលហៅថាឥន្ទ្រិយ៍រូបារម្មណ៍? មានប៉ុន្មានប្រភេទ? អ្វីខ្លះ?

ឥន្ទ្រិយ៍រូបារម្មណ៍៖ ជារូបារម្មណ៍ដែលកើតពីពាក្យសម្ដី ឃ្លោងឃ្លា ប្រយោគរបស់អ្នកនិពន្ធធ្វើឲ្យរំភើបចំពោះគ្រឿងវិញ្ញាណទាំងឡាយដូចជាចក្ខុ សោតៈ ឃានៈ ជីវ្ហា   កាយៈ គឺវិញ្ញាណទាំងប្រាំ របស់អ្នកអាន អ្នកស្ដាប់។


ឥន្ទ្រិយ៍រូបារម្មណ៍​​មាន​ប្រាំប្រភេទគឺ
  • ចក្ខុរូបារម្មណ៍ៈ ជារូបារម្មណ៍ដែលកើតមានឡើងដោយសារពាក្យសម្ដីកាព្យឃ្លោង   ដែលធ្វើឲ្យចក្ខុឥន្ទ្រិយ៍រំភើបផ្ដិតជាប់អារម្មណ៍ឡើង ក៏ហាក់ដូចជាធ្វើឲ្យចក្ខុបានឃើញរូបរាង សោភ័ណភាព ចលនា សកម្មភាព ពណ៌សម្បុរហេតុភេទដូចជាជាក់ច្បាស់នឹងភ្នែក ប្រកបដោយតថភាព មានលក្ខណៈជាប់ស្អិតទៅនឹងសោភ័ណ តំណាងគំនិតរីកចម្រើន និងបម្រើមនុស្សជាតិ​​ ចក្ខុរូបារម្មណ៍មានពីរប្រភេទគឺ៖
    • ចក្ខុរូបារម្មណ៍ដែលបង្ហាញរូបរាងៈ ជាការរើសយករូបរាងកាយផ្នែកខាងក្រៅមកបង្ហាញត្រូវឲ្យស្របទៅនឹងធម្មជាតិនៃមនុស្ស គឺជ្រើសរើសយកចំណុចសំខាន់ៗមកពណ៌នា ឬបង្ហាញ។
    • ចក្ខុរូបារម្មណ៍ដែលបង្ហាញពណ៌សម្បុរៈ ជាការលើកយកពណ៌ផ្សេងៗមកធ្វើជាឧប​​ករណ៍រំលេច ដើម្បីបង្កើតសោភ័ណ ឬមតិនិយម ដែលជានិមិត្តរូប សម្គាល់ថា សភាវៈល្អឬសភាវៈអាក្រក់។
  • សោតរូបារម្មណ៍ៈ ជារូបារម្មណ៍ដែលកើតពីពាក្យសម្ដី ឃ្លោងឃ្លា ប្រយោគរបស់អ្នកនិពន្ធដែលមានសូរសំឡេងរណ្ដំស្រៈ រណ្ដំព្យញ្ជនៈស្របទៅជាមួយសូរសំឡេងធម្មជាតិ សម្រែកសត្វ ព្យុះ រន្ទះ ធ្វើឲ្យសោតិន្ទ្រិយ៍រំភើប។ ដើម្បីបង្កើតសោតរូបារម្មណ៍គេប្រើវិធីដូចជា រណ្ដំស្រៈ ​រណ្ដំព្យញ្ជនៈ ការត្រាប់តាមសូរសំឡេងធម្មជាតិខាងក្រៅ​និងការត្រាប់​តាមសូរ​សំឡេងធម្មជាតិខាងក្នុង។
  • កាយរូបារម្មណ៍ៈ ជារូបារម្មណ៍ដែលកើតពីការលើកយកលក្ខណៈរាងកាយមករៀបរាប់ដូចជា រលីង រលោង ត្រជាក់ ក្ដៅ ទន់ភ្លន់ ស្រឡូន រៀវឆ្មារ...។
  • ឃាន និងជីវ្ហារូបារម្មណ៍ៈ ជារូបារម្មណ៍ដែលកើតមានឡើងដោយសារពាក្យពេចន៍ ឃ្លាឃ្លោង ស្របទៅនឹងក្លិន រសជាតិ ដែលកវីនិពន្ធប្រើប្រាស់ជាសញ្ញារំកឲ្យនឹកភ្នក ឬនឹកឃើញដល់វត្ថុភេទ និងចំណង់ចិត្តទាក់ទងនឹងឃានៈ និងជីវ្ហាវិញ្ញាណតែម្ដង។