ដូចម្ដេចដែលហៅថាអត្ថរស? មានប៉ុន្មានប្រភេទ? អ្វីខ្លះ?


អត្ថរសៈ គឺជាតម្លៃរបស់អត្ថបទអក្សរសិល្ប៍ដែលស្ដែងឡើងតាមរយៈអត្ថន័យ និងអត្ថរូប 
អត្ថរសមានបីប្រភេទសំខាន់ៗគឺ៖
  • បច្ចេករសៈ ជាតម្លៃរបស់អត្ថបទអក្សរសិល្ប៍ដែលស្ដែងឡើងសម្រាប់តាក់តែងនិពន្ធរឿងរ៉ាវផ្សេងៗក្នុងអក្សរសិល្ប៍។ បច្ចេករសមានបីប្រភេទគឺ៖
    • កាព្យរសៈ ជាតម្លៃដែលកវីបានរចនាអត្ថបទជាពាក្យកាព្យមានសម្ផស្សសូរសព្ទពីរោះរណ្ដំណែងណង ក្នុងការរៀបរាប់ ពណ៌នាអ្វីមួយឲ្យអ្នកអាន​​ អ្នកស្ដាប់រំភើប រីករាយ តាមដំណើររឿង។
    • ប្រលោមរសៈ ជាតម្លៃដែលកវីបានរចនាអត្ថបទជាពាក្យរាយធ្វើឲ្យដំណើររឿងក្ដី សកម្មភាព​តួអង្គក្ដី មានលក្ខណៈអណ្ដែតអណ្ដូង ពោរពេញដោយមនោសញ្ចេតនា ខាបអន្ទងដួងចិត្តអ្នកអាន អ្នកស្ដាប់ឲ្យរំភើប រីករាយតាមដំណើររឿង។
    • នាដករសៈ ជាតម្លៃដែលកវីប្រើសម្រាប់សរសេររឿងល្ខោន ដោយមានការរៀបរាប់ដំណើររឿង ឲ្យមានលក្ខណៈឯកភាព ទាំងសកម្មភាព ទីកន្លែង និងពេលវេលា។

  • វិសេសរសៈជាតម្លៃរបស់អត្ថបទអក្សរសិល្ប៍ ដែលស្ដែងឡើង​ សម្រាប់តាក់តែងនិពន្ធរឿងល្ខោន កំណាព្យ ល្បើក ឬអត្ថបទផ្សេងៗ។ វិសេសរសមានច្រើនយ៉ាងដូចជា៖
    • សុន្ទរ៍រសៈ ជាតម្លៃល្អដែលកវីប្រើការបង្ហាញលក្ខណៈតួអង្គតាមការពិត ឬចេះពណ៌នា​រូប​ភាព ដំណើររឿងធម្មជាតិ ទេសភាព និងសកម្មភាពតួអង្គបានច្បាស់លាស់ ធ្វើឲ្យអ្នកអាន អ្នកស្ដាប់ អ្នកទស្សនាពេញចិត្តសាច់រឿង។
    • វិហាសរូបរសៈ ជាតម្លៃអាក្រក់ដែលកវីប្រើក្នុងការបង្ហាញទៅលើលក្ខណៈអាក្រក់របស់តួអង្គ​​​តាម​ការពិតជាក់ស្ដែង​ទាំងរូបរាងកាយសកម្មភាពដើម្បី បង្កើតនូវ សោភណភាព នៃរឿង។
    • វិសិដ្ឋរសៈ ជាតម្លៃដែលកវីប្រើនូវការបង្ហាញសកម្មភាពអស្ចារ្យរបស់តួអង្គ ក្នុងការធ្វើ​ពលិកម្មអ្វីមួយ ដែលមនុស្សធម្មតាធ្វើមិនបាន។
    • វីររសៈ ជាតម្លៃដែលកវីប្រើនូវការបង្ហាញនូវលក្ខណៈអាកប្បកិរិយា ចិត្តក្លាហានមោះមុត​របស់តួអង្គ ក្នុងការប្រយុទ្ធដោយកាយ វាចា ចិត្ត ក្នុងអំពើមិនល្អណាមួយ។
    • ទារុណរសៈ ​ជាតម្លៃដែលកវីប្រើនូវការបង្ហាញឲ្យឃើញនូវសកម្មភាពប្រយុទ្ធ ការព្យាបាទសងសឹក ជិះជាន់រំលោភ ធ្វើទោសទណ្ឌកម្មយ៉ាងឃោរឃៅអស្ចារ្យរហូតបាត់បង់ជីវិត។
    • នាដ្យរសៈ ជាតម្លៃដែលកវីធ្វើឲ្យលេចចេញនូវលក្ខណៈកម្សត់នៅក្នងវិបត្តិទំនាស់​ប្រឆាំង​​​រវាងគូបដិបក្ខដែលមានកម្លាំង និងសមត្ថភាពប្រហាក់ប្រហែលគ្នា។
    • ហាសរសៈ ជាតម្លៃដែលកវីប្រើនូវការបង្ហាញនូវលក្ខណៈសកម្មភាព ចលនារឿងរបស់តួអង្គមានភាពកំប្លែង ​ធ្វើឲ្យអ្នកអាន អ្នកស្ដាប់ អ្នកទស្សនាសប្បាយរីករាយ ផ្ទុះសំណើច ជ្រះថ្លាចិត្ត អបអរសាទរ។
    • សោភណរសៈជាតម្លៃល្អដែលកវីប្រើការបង្ហាញ ប្រកបដោយទេពកោសល្យខ្ពស់​ ទាំងផ្នែក​អត្ថន័យ (ប៉ិនចោទ ប៉ិនស្រាយ) និងអត្ថរូប(ពីរោះស្ដាប់ និយាយខ្លី ងាយយល់ មានភាពទាក់ទាញ)នៅក្នុងដំណើររឿង។
    • ទស្សនីយរសៈ ជាតម្លៃដែលកវីប្រើនូវការបង្ហាញរៀបរាប់ទេសភាព ធម្មជាតិ ព្រៃ ព្រឹក្សា មច្ឆា បក្សាបក្សី ប្រកបដោយសូរសព្ទពីរោះរណ្ដំណែងណង​ បង្កើតបានជាបរិយាកាស​មួយ ធ្វើឲ្យអ្នកអាន​​ អ្នកស្ដាប់រំភើប រីករាយ ជក់ចិត្ត ដិតអារម្មណ៍។
  • សព្វរសៈ ជាតម្លៃទូទៅដែលកវីតែងយកមកប្រើក្នុងស្នាដៃរបស់ខ្លួន។​ សព្វរសមានដូចជា៖
    • តថរសៈ ជាតម្លៃដែលកវីបានលើកយកតួអង្គ និងបញ្ហាជាក់ស្ដែងនៅក្នុងសង្គមមក​តាក់​តែង​ឲ្យឃើញជាក់ច្បាស់ងាយយល់ ងាយស្ដាប់ ចាប់សេចក្ដីបានដូចជាទំនាស់ ការគ្រប់​គ្រង​សង្គម ជំនឿ ទំនៀមទម្លាប់ ប្រពៃណី សាសនាជាដើម។
    • អច្ឆរិយរសៈ ជាតម្លៃដែលកវីប្រើនូវការបង្ហាញនូវលក្ខណៈសកម្មភាពអស្ចារ្យ តួអង្គ អរូបី ជាទេវៈ សត្វចេះនិយាយ មនុស្សចេះហោះហើរ ដើរលើអាកាស ប្រែកាឡា បែង ភាគ។
    • កុសលរសៈ ជាតម្លៃដែលកវីប្រើនូវការអប់រំទូន្មាន ប្រៀនប្រដៅចំពោះ មនុស្ស ទូទៅ តាម​រយៈអត្ថន័យរបស់អត្ថបទ ឬសកម្មភាពរបស់តួអង្គជាដើម។