កូនមាសឪពុក!
កូនត្រូវយល់ដឹងថា សេចក្ដីអត់ធន់ញ៉ាំងផលអោយសម្រេចបានគ្រប់យ៉ាង កូនត្រូវអត់ធន់ដូចតទៅ៖
- អត់ធន់ក្នុងរឿងដែលគួរអត់ធន់
- អត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់
ឪសូមអធិប្បាយ
គឺមុនដំបូង «អត់ធន់ក្នុងរឿងដែលគួរអត់ធន់» ដូចជាអត់ធន់ចំពោះមុខនាទី អត់ធន់ក្នុងការបរិភោគ ការដេក ការរៀនជាដើម ចូរកូនអត់ធន់ដើម្បីអនាគតរបស់កូន
សូមអោយកូនប្រកាន់ទុកថា សេចក្ដីអត់ធន់គឺជាមុខនាទីមួយរបស់យើងផងដែរ។ តទៅឪសូមអោយកូន«អត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់»ដូចជាយើងធ្វើល្អហើយតែត្រូវគេនិន្ទា
ធ្វើល្អដល់គេត្រូវគេប្រទុស្ដតបវិញ និយាយពិតធ្វើដោយស្មោះតែត្រូវគេពោលមួលបង្កាច់...
រឿងទាំងអស់នេះសុទ្ធតែយើងធ្វើបានត្រឹមត្រូវមិនគួអ្វីយើងត្រូវអត់ធន់នោះឡើយ ប៉ុន្តែយើងត្រូវអត់ធន់ទាំងដែលយើងមិនបានខុសនោះឯង។
សេចក្ដីអត់ធន់បែបនេះលំបាកជាទីបំផុត បើកូនធ្វើបានឈ្មោះថាកូនល្អដ៏ក្រៃលែង
កូននឹងមានសេចក្ដីសុខ ផលនឹងកើតមានដល់កូនព្រមទាំងបរិវារ
កាលណាបើកូនមាននូវសេចក្ដីអត់ធន់បែបនេះ។- សេចក្ដីអត់ធន់ធ្វើអោយបានជាមនុស្សដែលមានចិត្តធ្ងន់។
- សេចក្ដីអត់ធន់ធ្វើអោយរួចពីក្រញាំតណ្ហា។
- សេចក្ដីអត់ធន់ធ្វើអោយមានរបៀបវិន័យ។
- សេចក្ដីអត់ធន់ធ្វើអោយបញ្ឈប់សេចក្ដីក្រោធបាន។
- សេចក្ដីអត់ធន់ធ្វើអោយតម្កល់ខ្លួនល្អបាន។
- សេចក្ដីអត់ធន់ជាដៃគូក្នុងការងារ។
- សេចក្ដីអត់ធន់ជាអាវក្រោះរបស់ចិត្ត។
- សេចក្ដីអត់ធន់ធ្វើអោយមានមិត្តខ្សត់សត្រូវ។
- សេចក្ដីអត់ធន់ជាបិតានៃគុណធម៌ទាំងពួង។
ដែកដែលយកទៅដុតនឹងភ្លើងហើយយកមកលត់ដំធ្វើជាឧបករណ៍ផ្សេងៗរមែងរឹងនិងមានតម្លៃយ៉ាងណាមិញមនុស្សដែលអត់ធន់បានល្អក៏ជាមនុស្សរឹងប៉ឹង
និងមានគុណតម្លៃក៏យ៉ាងដូច្នោះដែរ។