ដូចម្ដេចដែលហៅថាកាព្យរូបារម្មណ៍វិធី? មានវិធីសំខាន់ៗអ្វីខ្លះ? ចូរបក​ស្រាយ​ពន្យល់។


កាព្យរូបារម្មណ៍វិធីៈ ជាសិល្ប៍វិធីរបស់កវី​ក្នុង​ការទាក់ទាញអារម្មណ៍អ្នកអាន អ្នកស្ដាប់ អ្នកទស្សនាឲ្យមានការរំភើប រីករាយ ទុក្ខព្រួយ ជក់ចិត្ត ដិតអារម្មណ៍។


កាព្យរូបារម្មណ៍វិធី​សំខាន់​ៗ​រួមមាន៖
  • វិធីបំផ្លើសៈ ជារូបារម្មណ៍ដែលស្ថិតនៅត្រង់កវីប្រើសម្ដីលើសពីការពិត ក្នុងគោលបំណងបង្ហាញសច្ចភាពណាមួយឲ្យខ្ពស់ ឬទាបបំផុត និងទាក់ទាញអារម្មណ៍អ្នកអាន អ្នកស្ដាប់ អ្នកទស្សនាឲ្យពិចារណាទៅលើបញ្ហាដែលគេចង់បង្ហាញ។
  • វិធីពង្វាងៈ ជារូបារម្មណ៍ដែលស្ថិតនៅត្រង់កវីប្រើសម្ដីនិយាយពង្វាងដោយមិនប្រើពាក្យចំៗទេ តែប្រើកន្សោមពាក្យសម្គាល់បញ្ញត្តិណាមួយ ក្នុងគោលបំណង ទាក់ទាញអារម្មណ៍​​អ្នកអាន អ្នកស្ដាប់ អ្នកទស្សនាឲ្យពិចារណារិះគិត ឬចំអកទៅលើបញ្ហាដែលគេចង់​បង្ហាញ។
  • វិធីត្រឡប់ៈ ជាបដិរូបរូបារម្មណ៍ដែលស្ថិតនៅត្រង់កវីប្រើពាក្យឆ្លុះគ្នា តែមានន័យសេចក្ដីផ្សេងគ្នា ធ្វើឲ្យទាក់ទាញអារម្មណ៍អ្នកអាន អ្នកស្ដាប់ អ្នកទស្សនាឲ្យប្លែកភ្នែក ចម្លែកអារម្មណ៍។