ដូចម្ដេចដែលហៅថាមូលភេទអ អ៊ ?តាមរយៈមូលភេទអ អ៊ តើគេអាចចែក​សូរ​ជា​ប៉ុន្មានយ៉ាង? អ្វីខ្លះ? ដូចម្ដេចដែលហៅថាសូរស្រៈ? មានប៉ុន្មានបញ្ចែក? អ្វីខ្លះ?

មូលភេទ អ‑អ៊ៈ ជាលក្ខណៈពិសេសរបស់ភាសាខ្មែរដែលទាមទារឲ្យស្រៈ ព្យញ្ជនៈ និងព្យាង្គត្រូវគោរព ហើយចែកសូរជាបីយ៉ាងគឺ
  • សូរស្រៈ មានពីរពួកគឺសូរស្រៈពួកអ និងសូរស្រៈពួកអ៊។
  • សូរព្យញ្ជនៈ មានពីរពួកគឺសូរព្យញ្ជនៈពួកអ និងសូរព្យញ្ជនៈពួកអ៊។
  • សូរព្យាង្គ មានពីរពួកគឺសូរព្យាង្គពួកអ និងសូរព្យាង្គពួកអ៊។
សូរស្រៈជាសូរសំឡេងដែលកើតមកពីដំណើរខ្យល់តាមបំពង់សំឡេង បន្លឺឡើងដោយគ្មានទំនប់ប្រកបដោយ ភាពច្បាស់លាស់។  គេអាចចែកសូរស្រៈតាមបញ្ចែកបីយ៉ាងគឺ៖
  • បញ្ចែក អ‑អ៊ៈ តាមមូលភាព អ‑អ៊ គេអាចចែកសូរស្រៈជាបីពួកគឺ ៖
    • សូរស្រៈពួកអៈ មាន១៧សូរគឺ(អ) (អ់) (អា) (អា់) (អិ) (អី) (អឹ) (អឺ) (អុ) (អូ) (អើ) (អេ) (អែ) (អៃ) (អោ) (អៅ) និង(អំ)។
    • សូរស្រៈពួកអ៊ៈ មាន​១៧សូរគឺ(អ៊) (អ៊់) (អ៊ា) (អ៊ា់) (អ៊ិ) (អ៊ី) (អ៊ឹ) (អ៊ឺ) (អ៊ុ) (អ៊ូ) (អ៊ើ) (អ៊េ) (អ៊ែ) (អ៊ៃ) (អ៊ោ) (អ៊ៅ) និង(អ៊ំ)។
    • សូរស្រៈពួក អ‑អ៊ៈ មាន៣សូរគឺ(អួ) (អឿ) និង(អៀ)។
  • បញ្ចែកវែង‑ខ្លីៈ តាមលក្ខណៈខ្យល់ គេអាចចែកសូរស្រៈជាពីរពួកគឺ ៖
    • សូរស្រៈវែងៈ ជាសូរស្រៈដែលបន្លឺឡើងដោយដំណើរ ខ្យល់បង្ហូរវែង។ សូរស្រៈ វែងមាន ២១សូរគឺ(អ) (អា) (អឺ) (អូ) (អើ) (អេ) (អែ) (អោ) (អ៊) (អ៊ា) (អ៊ិ) (អ៊ឺ) (អ៊ូ) (អ៊ើ) (អ៊េ) (អ៊ែ) (អ៊ោ) (អ៊័) (អួ) (អឿ) (អៀ)។
    • សូរស្រៈខ្លីៈ ជាសូរស្រៈដែលបន្លឺឡើងដោយដំណើរខ្យល់បង្ហូរខ្លី កាត់យ៉ាងរហ័សដោយ បំណិទនៃខ្សែសំឡេង។សូរស្រៈខ្លីមាន១៦សូរគឺ(អ់) (អា់) (អិ) (អី) (អឹ) (អុ) (អៃ) (អៅ) (អ៊់) (អ៊ា់) (អ៊ិ) (អ៊ឹ)(អ៊ុ) (អ៊ែ់) (អ៊ៃ) និង(អ៊ៅ)។ សូរស្រៈខ្លីមានលក្ខណៈសម្គាល់មួយ​​ចំនួនដូចជា ប្រើសញ្ញាបន្តក់ សញ្ញាដំលើ សញ្ញារះមុខ សញ្ញាចុចពីរ សញ្ញាលេខប្រាំបី សញ្ញាផាត់លើ និងជាព្យាង្គដើមក្នុងពាក្យច្រើនព្យាង្គ។
  • បញ្ចែកទោល‑ផ្សំៈ តាមលក្ខណៈធាតុ នៃសូរគេអាចចែកសូរស្រៈជាពីរគឺ៖
    • សូរស្រៈទោលៈ កើតឡើងពីធាតុតែមួយនៃសូរ។សូរស្រៈទោលមាន២៣សូរគឺ(អ) (អ់) (អា) (អា់) (អិ) (អឹ) (អឺ) (អុ) (អូ) (អេ) (អ៊) (អ៊់) (អ៊ិ) (អ៊ី) (អ៊ឹ) (អ៊ឺ) (អ៊ុ) (អ៊ូ) (អ៊ើ) (អ៊េ) (អ៊ែ) (អ៊ែ់) និង(អ៊ោ)។
    • សូរស្រៈផ្សំៈ កើតឡើងពីការផ្សំសូរស្រៈទោលយ៉ាងតិចពីរឡើងទៅ។ ​សូរស្រៈផ្សំមាន​១៤​សូរគឺ(អី) (អើ) (អែ) (អៃ) (អោ) (អៅ) (អ៊ា) (អ៊ា់) (អ៊ៃ) (អ៊ៅ) (អ៊) (អូ) (អឿ) និង(អៀ)។