វណ្ណយុត្តិទាំងឡាយចែកចេញជាពីរពួកគឺ៖
- វណ្ណយុត្តិដែលបន្ថែមលើព្យញ្ជនៈ ដើម្បីលម្អៀងសព្ទឲ្យខ្លីឲ្យមានសូរផ្សេង ឲ្យប្លែកពីសំឡេងដើម ។
- វណ្ណយុត្តិ ដែលប្រើជាមួយនឹងពាក្យ ក្នុងឃ្លាប្រកប ដើម្បីកាត់ឃ្លាជាប្រយោគជាសង្កាត់ ដើម្បីសម្គាល់ន័យសេចក្តីផ្សេងៗ ។ វណ្ណយុត្តិពួកនេះគេអាចហៅថា “ ខណ្ឌសញ្ញា ” ឬ “ សញ្ញាប្រយោគ “ ។
១.ការប្រើប្រាស់វណ្ណយុត្តិសញ្ញា៖
- មូសិកទន្ត ឬសញ្ញាអ ឬធ្មេញកណ្តុរ “ ៉ ” : ជាសញ្ញាប្រើសម្រាប់សម្លាប់, បំបែរសំឡេងព្យញ្ជនៈ ៧ តួ ដែលមានសំឡេងឃោសៈ ឲ្យទៅជាអឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យទៅជាសំឡេងអឃោសៈវិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែកតែតួ “ ប ” មួយ ដែលមានសំឡេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែលម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ ។ ចំណាំ៖ កាលណាពាក្យទាំងនេះទៅប្រទះនឹងស្រៈ ិ ី ឹ ឺ ើ គេត្រូវយកសញ្ញា (ុ)មកជំនួសធ្មេញ កណ្តុរ ដែលដាក់ពីលើដើម្បីកុំឲ្យវណ្ណយុត្តិនេះ ទើសទែងគ្នាជាមួយស្រៈខាងលើ ។
- ត្រីសព្ទ ឬសញ្ញាអ៊ ( ៊): ជាសញ្ញាសម្រាប់ដាក់លើព្យញ្ជនៈ ៤ តួ ជាអឃោសៈ ប, ស, ហ, អ, ឲ្យទៅជាឃោសៈវិញ ៖ ប៊, ស៊, ហ៊, អ៊, ។ កាលណាសញ្ញាត្រីសព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ។
- រស្សសញ្ញា ឬបន្តក់ (់): សម្រាប់ប្រើដាក់ថែមលើតួប្រកបនៃពាក្យ ដែលកើតឡើងពីស្រៈ “ អ ” និងស្រៈ “ អា ” ហើយកាត់សព្ទវែងឲ្យទៅជាខ្លី ដែលត្រូវអានលឿនរហ័ស។
កំណត់សម្គាល់ៈ
ចំណាំ៖ មិនមែនកំណត់ថា
គ្រប់តែពាក្យដែលត្រូវថាឬអានពីរដងនោះ ត្រូវតែដាក់លេខទោទាំងអស់ នោះ
ទេ ។ ពាក្យបាលីខ្លះដែលយកមកប្រើក្នុងភាសាខ្មែរ ដូចជា នានា ធម្មសង្វេគ គេត្រូវសរសេរ ពាក្យ
“នានា” នេះត្រួតគ្នាពីរដង ដោយគោរពទៅតាមវិធានបាលី
។ ដូចជាពាក្យថា ឯហិមម…? ។ បើ ប្រើជាមួយគុណនាម និយាយអំពីពណ៌នោះ
ពាក្យស្ទួនដោយប្រើលេខទោ ចង់បញ្ជាក់អំពីប្រភេទ ពណ៌ដោយឡែកៗរបស់វត្ថុ ។ ចំពោះពាក្យខ្មែរខ្លះ ដែលមានសំឡេងដដែលៗពីរដងដូចជាបបរ កករ ត្រូវតែសរសេរពីរដងជាន់គ្នាដូច្នេះដរាប ហាមដាច់ខាត មិនឲ្យសរសេរ បរៗ ករៗ បែបនេះឡើយ ។
២.ការប្រើប្រាស់ ខណ្ឌសញ្ញា៖ ខណ្ឌសញ្ញា គឺជាសញ្ញាមានរូបភាពប្លែកៗ សម្រាប់ប្រើក្នុងការសរសេរអត្ថបទផ្សេងៗ ដើម្បីសម្គាល់លក្ខណៈ ទម្រង់បែបបទ ដែលជាលំនាំឲ្យងាយយល់ ឲ្យអានបានត្រឹមត្រូវ ។
- ចំពោះតួព្យញ្ជនៈប្រកបនឹងអក្សរ “ ម ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ មិនបាច់ប្រើសញ្ញា “រស្សៈ” ឬបន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុងករណីនេះ គេប្រើនិគ្គហិត ” ំ “ ឬស្រៈ “ ាំ” “ ចាំ ” ជំនួសវិញ ។
- រីឯតួព្យញ្ជនៈប្រកបនឹងអក្សរ “ យ ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ ក៏មិនបាច់ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូចជាពាក្យ “ ចាយ់ ” ក្នុងករណីនេះគេយកស្រៈ “ ៃ ” មកជំនួសវិញ ព្រោះមានសំឡេងដូចគ្នា។ ។
- ចំពោះពាក្យទាំងឡាយណា ដែលក្លាយមកពីភាសាបាលីឬសំស្រ្កឹត មិនត្រូវប្រើសញ្ញា (់) នេះឡើយ ដូចជាពាក្យ បទ សព ភព កុសល ផល កិច្ចកល ធនធាន រសជាតិ លាមក … ពាក្យទាំងនេះមានសំឡេងខ្លីស្រេចហើយ តាមទម្លាប់អានបែបបាលីនិងសំស្រ្កឹត ។
- សំយោគសញ្ញា (័): គេប្រើវណ្ណយុត្តិនេះសម្រាប់លម្អៀងសព្ទរបស់ពាក្យក្លាយមកពីភាសាបាលី ឬសំស្រ្កឹត ដូចជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ, អាលយ > អាល័យ ។
- សញ្ញានេះក៏ប្រើលើពាក្យខ្មែរខ្លះ ដែលមានសំឡេងស្ទើរស្រៈ “ អ ” និង ស្រៈ “ អា ” ដើម្បីឲ្យមានសូរសំឡេងមួយត្រូវចំនឹងសំឡេងពិតនៃពាក្យនោះគឺញ័រ ជ័រ ទំព័រ…។
- សម្រាប់ប្រើសម្រួលសំឡេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា ដុកទ័រ ប៉ាស្ទ័រ អាំងហ្សេនីញ័រ កុំព្យូទ័រ ត្រាក់ទ័រ ។
- របាទ (៌): វណ្ណយុត្តិនេះ ជាតំណាងអក្សរ “ រ ” ដែលគេកាត់យកក្បាលខាងលើរបស់វា មករក្សាទុកធ្វើជាសញ្ញារបាទ (៌) ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យដែលក្លាយមកពីភាសាសំស្ក្រឹត ដើម្បីសម្រួលសំឡេងអានតាមបែបសំឡេងខ្មែរ ។ គេកត់សម្គាល់ថា ពាក្យបាលីណា ដែលសរសេរតម្រួតនោះ កាលណាយើងសរសេរជាពាក្យសំស្រ្កឹតក្លាយខ្មែរ គេត្រូវដាក់ (៌) របាទនេះជំនួសវិញ ។
- អស្តា ឬសញ្ញាលេខ៨ (៏): វណ្ណយុត្តិនេះ គឺមានទ្រង់ទាយជាលេខ ៨ ប៉ុន្តែបង្រួញឲ្យតូច ដើម្បីងាយយកមកដាក់លើព្យញ្ជនៈ “ ក ” និង “ ដ ” ដែលជានិបាតសព្ទ ។ ក្រៅពីនេះគេប្រើលេខអស្តា សម្រាប់ដាក់លើពាក្យឧទានសព្ទខ្លះ ជាពាក្យភ្ញាក់ ស្ងើច រំភើប…។
- ទណ្ឌឃាត ឬបដិសេធ ឬសញ្ញាសម្លាប់ (៍): វណ្ណយុត្តិនេះ មានរូបសណ្ឋានដូចសក់លេខ “ ៩ ” ។ គេប្រើទណ្ឌឃាត ដើម្បីដាក់លើអក្សរព្យញ្ជនៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យញ្ជនៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិសព្ទរបស់ពាក្យ ។ គេច្រើនប្រើទណ្ឌឃាតលើពាក្យក្លាយពីបាលីនិងសំស្រ្កឹត ។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមរបស់ពាក្យទាំងនោះ ដូចជា ស៊ីម៉ងត៍, អេដស៍, អាល់ប៊ែរត៍…។
- វិសជ៌នី (ះ) ឬរះមុខៈ គេប្រើសញ្ញានេះ សម្រាប់ប្រកបជំនួសខ្យល់ “ ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់។ វាមានសូរសំឡេងស្រដៀងនឹងពាក្យដែលប្រកបនឹងព្យញ្ជនៈ “ ស ” ដែរ ។
- យុគលពិន្ទុ(ៈ) ឬសញ្ញា “ ចុចពីរ ” ៈ គេប្រើវណ្ណយុត្តិនេះសម្រាប់ដាក់នៅចុងពាក្យមានកំណើតពីបាលី ឬសំស្រ្កឹត ដែលមានសូរ “ អាក់ ” ឬ “ អ៊ាក់ ” ។
- រជ្ជុសញ្ញា ឬសហសញ្ញា (-): ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម ។
- សម្រាប់បំបែកព្យាង្គនៃពាក្យមួយ កុំឲ្យអានច្រឡំជាប្រកប នាំឲ្យខុសពាក្យដូចជា ទូក-ង, កុក-ស, សម្បុរ-ស,ខ្សែ-ក…។
- សម្រាប់តភ្ជាប់ពាក្យមួយ ដែលសរសេរមិនទាន់ចប់នៅចុងទំព័រ ហើយត្រូវត្រឡប់មកសរសេរនៅដើមបន្ទាត់វិញ ។
- សម្រាប់ភ្ជាប់ពាក្យមួយដែលដាច់គ្នា ដើម្បីតម្រូវចាប់ចុងជួនក្នុងកំណាព្យ ។
- សម្រាប់បញ្ជាក់អំពីការផ្លាស់ប្តូរឃ្លាសន្ទនានៃតួពីរ ឬច្រើននាក់ ។
- សម្រាប់សម្គាល់នូវការរៀបរាប់ ជាលំដាប់លំដោយ អំពីគំនិត ឬចំណុចប្លែកៗ ។
- កាកបាទ ឬជើងក្អែក (+): គឺជាបន្ទាត់ខ្លីពីរ មួយផ្តេកមួយទៀតបញ្ឈរ គូសកាត់ខ្វែងគ្នាចំពាក់កណ្តាល ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យឧទានសព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្អូស ឬត្អូញថ្ងូរ។ ខាងផ្នែកនព្វន្ត គេប្រើសញ្ញាជើងក្អែកជាសញ្ញាបូក។
- លេខទោ ឬអាមេណ្ឌិតសញ្ញា (ៗ): សញ្ញានេះគេប្រើសម្រាប់៖
- ផ្ទួនពាក្យដែលតម្រូវឲ្យថា ឬអានពីរដង។
- សម្រាប់បញ្ជាក់អំពីចំនួនច្រើន ឬ ពហុវចនៈ ។
- លេខទោប្រើក្នុងករណីបញ្ជាក់ និងប្រៀបធៀប ។
- លេខទោប្រើជាមួយពាក្យមួយព្យាង្គ ។
- លេខទោប្រើជាមួយពាក្យពីរម៉ាត់ ។
- លេខទោប្រើជំនួសពាក្យបីម៉ាត់ឬច្រើនព្យាង្គ ។
២.ការប្រើប្រាស់ ខណ្ឌសញ្ញា៖ ខណ្ឌសញ្ញា គឺជាសញ្ញាមានរូបភាពប្លែកៗ សម្រាប់ប្រើក្នុងការសរសេរអត្ថបទផ្សេងៗ ដើម្បីសម្គាល់លក្ខណៈ ទម្រង់បែបបទ ដែលជាលំនាំឲ្យងាយយល់ ឲ្យអានបានត្រឹមត្រូវ ។
- ក្បៀស ( , ) ឬកណ្ដកសញ្ញាៈ សញ្ញានេះ ប្រើសម្រាប់ញែកពាក្យក្នុងប្រយោគឲ្យដាច់ពីគ្នា ទោះពាក្យរៀបរាប់នោះ ជានាមក្តី ជាគុណនាមក្តី ជាកិរិយាសព្ទក្តី ។ គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការប្រើក្បៀសរបស់លោកខាងលិចដែរ ។
- ការប្រើក្បៀសក្នុងការពិពណ៌នា រៀបរាប់ជំពូកនាម។
- ការពិពណ៌នារៀបរាប់អសាធារណនាម។
- ការពិពណ៌នារៀបរាប់គុណនាម។
- ការពិពណ៌នារៀបរាប់កិរិយាសព្ទ។
- ប្រភេទជនដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះភាសាបារាំង ច្រើនសរសេរប្រើក្បៀស ។
- ប្រភេទជនដែលចេះតែភាសាខ្មែរ ក៏ទទួលយកទម្លាប់មត៌កពីបុព្វបុរសជាន់ដើមហើយ សរសេរឥតប្រើក្បៀសទេ ។ និយាយរួមមក ការប្រើដកឃ្លា ជំនួសក្បៀស ឬប្រើដកឃ្លាផង និងប្រើក្បៀសផង គឺមិនមានអ្វីប្លែកគ្នាខ្លាំងពេកនោះទេ ។ ប៉ុន្តែការប្រើក្បៀស វាមានចរិតច្បាស់លាស់ប្រាកដប្រជាជាង។
- ទ្វិពន្ទុលេខ ឬ ចំណុចពីរគូស (៖): សញ្ញាដែលមានគំនូសផ្តេកនៅខណ្ឌចន្លោះសូន្យពីរ លើមួយក្រោមមួយនេះ គេប្រើសម្រាប់ ៖
- ដាក់នៅចុងបញ្ចប់នៃប្រយោគ ក្នុងន័យកត់ត្រាសម្តីរបស់បុគ្គលណាមួយ ដែលគេស្រង់យកមកដាក់ក្នុងសញ្ញាអញ្ញប្រកាស(“ ”) គេកត់សម្គាល់ឃើញថា សញ្ញាបែបនេះ ច្រើនតែប្រើក្នុងទម្រង់រចនាបថប្រយោគពណ៌នាក្នុងរឿងព្រេង, រឿងនិទាន, ការនិយាយប្រាប់គ្នាពីហេតុការណ៍អតីតកាល ។ល។
- សម្រាប់ដាក់នៅចុងប្រយោគណាដែលត្រូវបន្តទៅដល់ការរៀបរាប់ដោយចាត់ជាពួក ជាផ្នែក
- បុច្ឆនសញ្ញា ឬសញ្ញាសួរ (?): ជាសញ្ញាប្រើសម្រាប់ដាក់ពីខាងក្រោយពាក្យ, ឃ្លា, ល្បះ ចោទសួរជានិច្ច ។ នៅក្នុងពាក្យ, ល្បះ, ឃ្លា, ប្រយោគដែលចោទសួរ គេតែងប្រើជាចាំបាច់នូវពាក្យ ឬរូបមន្តផ្សេងមានជាអាទិ៍៖ តើ, ព្រោះអ្វី, ហេតុអ្វី, ដូចម្តេច, (ក៏, ឬ, បានជា…) យ៉ាងម៉េចក៏…, អ្វីទៅ, ស្អីគេ, អង្កាល់, កាលណា, … ។ល។ ពាក្យសម្រាប់សួរអាចនៅដើមឃ្លា ឬ នៅចុងឃ្លាក៏បាន ។ ជួនកាលគេមិនចាំបាច់ ប្រើពាក្យសួរ គេគ្រាន់តែដាក់បុច្ឆនសញ្ញាទៅក៏បានដែរ ។
- ល្បះ ឃ្លា ពាក្យសំណួរខ្លីៗ ៖ ឃ្លានអ្វី? ម៉េចក៏យំ? ទៅសាលា? ដើរ? ជិះកង់ ?
- គប្បីកត់សម្គាល់ថា សំណួរដដែលគ្រាន់តែផ្លាស់ប្តូរដាក់ពាក្យណាមុន ពាក្យណាក្រោយ ក៏ឲ្យន័យ ឬ រំលេចន័យខុសគ្នាដែរ ។ ក្រៅពីនេះ រាល់សំណួរដែលសុទ្ធតែមានបុច្ឆនសញ្ញានៅចុងល្បះដូចគ្នានេះ អាចមានន័យខុសប្លែកគ្នា ទៅតាមសំឡេងលើកដាក់ថ្នាក់ថ្នម គំហកកំហែង អង្វរករលន់តួ ។ មានបុច្ឆនសញ្ញមួយបែបទៀត ដែលច្រើនឃើញប្រើនៅក្នុងរូបគំនូរកំប្លែង ។
- ឧទានសញ្ញា (!): សញ្ញាបង្គោលបញ្ឈរដែលមានចំណុច (!) មួយនៅពីក្រោមនេះ គេប្រើសម្រាប់ដាក់នៅពីក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់ផ្អើលតក់ស្លុត ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់ខាត បែរបន់ អធិដ្ឋាន សម្រែកជយឃោស គំរាមកំហែង ។ ជួនកាលគេក៏ប្រើឧទានសញ្ញាជាមួយនឹងឃ្លា កំហឹង បន្ទោស ឬ ជេរផងដែរ ។
- អញ្ញប្រកាស( “…” ): គឺជាសញ្ញាឃ្នាបម្យ៉ាង ដែលនៅខាងដើមមានរាងកោងខ្វឹកកួចពីរឡើងទៅលើ ឯខាងចុងជាសញ្ញាខ្វឹកពីររាងកោង កួចទម្លាក់ចុះក្រោម ។ គេប្រើសញ្ញានេះសម្រាប់៖
- គាប ឬកត់ត្រាដកស្រង់សេចក្តីសំខាន់របស់ជនណាម្នាក់ ទុកជាសេចក្តីពិសេសដោយឡែក ជាការរំលេច ឬបញ្ជាក់ឲ្យប្លែកពីន័យរបស់បរិបទ ។
- ដកស្រង់គំនិត, សម្តីរបស់តួអង្គណាមួយក្នុងរឿង ។
- ដកស្រង់តួអង្គណាមួយ ដែលមានកិត្តិសព្ទល្បីល្បាញ។
- ដកស្រង់សេចក្តីឬអត្ថន័យមានលក្ខណៈលេចធ្លោ ។
- អព្ភន្តរសញ្ញា(«…») សញ្ញានេះ ខុសប្លែកពីអញ្ញប្រកាស ដោយប្រើតែខ្វឹកសញ្ញាមួយនៅខាងដើម និងក្បៀសសញ្ញាមួយនៅខាងចុង ។ របៀបប្រើអព្ភន្តរសញ្ញាខុសគ្នាបន្តិច ពីសញ្ញាអញ្ញប្រកាស ដោយប្រើអព្ភន្តរសញ្ញាជាឃ្នាបពាក្យឋិតនៅក្នុងរង្វង់ផែនពាក្យ ដែលដាក់ឃ្នាបដោយសញ្ញាអញ្ញប្រកាស ។ សូមអនុញ្ញាតជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់ ។ ជួនកាលគេប្រើអព្ភន្តរសញ្ញា ឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា ។ នៅក្នុងសៀវភៅវេយ្យាករណ៍របស់លោក ពូវ អ៊ុម លោកចាត់ទុកអព្ភន្តរសញ្ញាថា ជាសញ្ញាអញ្ញប្រកាស ( សៀវភៅវេយ្យាករណ៍ ពូវ អ៊ុម ទំព័រ ៨ ) ចំណែកនៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ ១៦៥៦-១៦៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “ ….” មានរូបសណ្ឋានយ៉ាងនេះដែរ ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេយ្យាករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យ ឬសេចក្តីមានរូបសណ្ឋានពីរបែបគឺ (“…”) ឬ («…»)។ ដូច្នេះ ដោយយល់ឃើញថា កិច្ចការសរសេរតែងនិពន្ធនាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញា ដែលមានរូបសណ្ឋានបែបនេះ ( ‘… ’ ) មកប្រើបន្ថែមទៀត ដោយបំបែកចេញពីអញ្ញប្រកាស ( “…” ) ។
- មច្ឆណ្ឌសញ្ញា ឬសញ្ញាពងត្រី (…): ជួនកាលគេហៅថា (ចំណុចរាយ) ផងក៏មាន ។ សញ្ញាដែលមានចំណុចបីបន្តបន្ទាប់ជាប់គ្នានេះ សម្រាប់សម្គាល់ប្រយោគណាមួយ ដែលនៅមានសេចក្តីបន្តទៀត ប៉ុន្តែអ្នកសរសេរបានផ្អាកបញ្ឈប់លែងពណ៌នា ដោយដាក់សញ្ញាពងត្រីនេះ ប្រាប់ជាដំណឹង ។ របៀបប្រើពងត្រីមានបែបផែនប្លែកៗដូចតទៅ នេះ ៖
- ជាសញ្ញាកាត់ពាក្យសម្តីគូសន្ទនាម្នាក់ ដែលកំពុងនិយាយឲ្យដាច់កណ្តាលឃ្លា ។
- ជាសញ្ញាសម្រាប់ផ្អាកពាក្យសម្តី មិនចង់និយាយបន្តដោយទុកឲ្យគូសន្ទនាយល់ ឬ ក៏បង្កប់ទុកនូវពាក្យគំរាមកំហែង ពាក្យបណ្តាសា… ។
- ផ្អាកសេចក្តីត្រឹមប៉ុណ្ណឹងសិន ឬស្លេះទុក ដោយមិនចង់ឲ្យសេចក្តីមានន័យដូចគ្នានេះ វែងអន្លាយពេក ។
- សម្រាប់ប្រាប់អំពីពាក្យឃ្លា ដែលបាត់រលុបមានសេចក្តីមិនច្បាស់ ដកយកចេញពីសិលាចារឹកជាដើម ។
- វង់ក្រចក ឬនខសញ្ញា ( ): បានជាគេឲ្យឈ្មោះដូច្នេះ ព្រោះវាមានសណ្ឋានរាងកោងដូចវង់ក្រចកយើងពិតៗ ។ គេប្រើសញ្ញាវង់ក្រចកសម្រាប់ ៖
- គាបពាក្យ ឬសេចក្ដី ដែលគេចង់ពន្យល់ន័យ ។
- គាបពាក្យដែលសរសេរជាអក្សរកាត់ ។
- វង់តង្កៀប [.....]: នៅក្នុងភាសាខ្មែរគេមិនស្រូវប្រើសញ្ញាវង់តង្កៀបនេះទេព្រោះយើងមានវណ្ណយុត្តិ និងខណ្ឌសញ្ញាយ៉ាងច្រើន សមស្របនឹងប្រើក្នុងអត្ថបទជាភាសាខ្មែរគ្រប់គ្រាន់អស់ហើយ ។ ប៉ុន្តែនៅក្នុងការគណនាលេខផ្នែកពីជគណិត យើងយកមកប្រើតាមពួកអឺរ៉ុប ។
- រ៉ាត់ ឬឃ្នាប ( } ឬ { …} ): សញ្ញានេះ ខ្មែរខ្លះហៅថា ពុកមាត់មេអំបៅ ។
- នៅក្នុងមុខវិជ្ជាពីជគណិត របៀបប្រើឃ្នាប ឬរ៉ាត់មានន័យដូចគ្នា នឹងការប្រើតង្កៀប ឬវង់ក្រចកដែរ ។ គេតែងតែប្រើរ៉ាត់មួយសម្រាប់បើក ( { ) និងរ៉ាត់មួយទៀតសម្រាប់បិទ ( } ) គឺបែបនេះ {…} ។
- រ៉ាត់បើក និងរ៉ាត់បិទនេះ ប្រើសម្រាប់គាបពាក្យពីរ ឬច្រើនជាការសម្គាល់ថា ពាក្យទាំងនោះមានមុខងាររួមដូចគ្នា មិនបាច់សរសេរដដែលច្រើនដងនាំខាតពេល ។
- បេយ្យាលៈ ឬ លៈ (។ល។): គេមិនសូវអានថា បេយ្យាលៈទេ ព្រោះវែងពេក គេអានកាត់យកតែខាងចុងត្រង់សូរថា ឡាក់, ឡៈ សរសេរថា ៖ (។ល។) ត្រូវនឹងពាក្យបារាំងថា (et cetera) សរសេរអក្សរកាត់ថា (etc.) ។ គេប្រើសម្រាប់បំព្រួញសេចក្តីឯណានីមួយ ឬការរៀបរាប់ដែលវែងឲ្យនៅខ្លី ដោយគិតថា អ្នកអានក៏ដឹងថា នៅមានពាក្យ និងសេច ក្តីអ្វីខ្លះទៀត ។
- ខណ្ឌ ឬ ខណ្ឌសញ្ញា (។): គេប្រើសញ្ញាខណ្ឌនេះ សម្រាប់រាំងខាំងប្រយោគ ឬសង្កាត់នៃសេចក្តីនីមួយៗ ឲ្យដាច់ស្រលះពីគ្នា ។ កាលណាប្រយោគមួយចាប់សេចក្តីហើយ គេត្រូវដាក់សញ្ញា (។) នេះ មុននឹងបន្តទៅប្រយោគមួយទៀត ។ ខណ្ឌសញ្ញា ធ្វើឲ្យគេងាយយល់ អាចញែកសេចក្តីពីប្រយោគមួយទៅប្រយោគមួយ មិនឲ្យច្រឡំន័យ នាំឲ្យច្របូកប្របល់ ។ ហើយនៅចន្លោះ ខណ្ឌសញ្ញា ការដកឃ្លា ក៏ជួយសម្រួលឲ្យអ្នកអានងាយយល់ ងាយចាប់សេចក្តីបាន ។ មានតែការប៉ិនប្រសប់របស់អ្នកសរសេរតែងនិពន្ធទេ ដែលអាចយល់ដឹងដល់ការចាំបាច់នៃការដកឃ្លា ការដាក់ខណ្ឌសញ្ញាឲ្យបានត្រឹមត្រូវទេ ទើបធ្វើឲ្យអត្ថបទមានតម្លៃ មានន័យគួរជាទីចាប់អារម្មណ៍ ។ប៉ុន្តែកាលណាគេត្រូវប្តូរគំនិតចូលទៅវគ្គ ឬកថាខណ្ឌថ្មីនោះ គេត្រូវដាក់សញ្ញាខណ្ឌទៅចុងបញ្ចប់ប្រយោគ រួចហើយត្រូវចាប់សរសេរដោយចុះទៅបន្ទាត់ថ្មី ជាមួយនឹងការចោលលម្ហបន្តិចដែលគេតែងនិយមហៅថា ខណ្ឌ ចុះបន្ទាត់ឬចោលបន្ទាត់ និងចាប់ដើមបន្ទាត់ (នេះជាការប្រាប់ដំណឹងរបស់អ្នកហៅសរសេរតាមសូត្រ)។
- ខណ្ឌចប់ ( ៕ ): ជាសញ្ញាសម្រាប់ដាក់បញ្ចប់អត្ថបទ ឬរឿងមួយតែត្រឹមនេះពុំមានតសេចក្តី ឬរឿងរ៉ាវទៅមុខទៀតឡើយ ។
- អាទិសង្កេត ( . ): គឺជាចំណុចមួយដែលដាក់ពីមុខអក្សរ ដែលគេសរសេរកាត់ដូចជា ស.រ.អា. (សហរដ្ឋអាមេរិក), អ.ស.ប. (អង្គការសហប្រជាជាតិ) គ.ជ.ប. (គណៈកម្មការជាតិរៀបចំការបោះឆ្នោត) ជួនកាលគេប្រើអាទិសង្កេត ដើម្បីដាក់ពីមុខលេខរៀង មាតិកាដែលរៀបរាប់ចំណងជើងរង (Sous-titre) ។
- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙): បុព្វកវីនិពន្ធខ្មែរធ្លាប់ប្រើសញ្ញានេះ សម្រាប់ចាប់ផ្តើមសរសេរអត្ថបទ ឬសេចក្តីរឿងអ្វីមួយ ដើម្បីកំណត់ទុកជាចំណុចចាប់ផ្តើម ។ តែពេលបច្ចុប្បន្ននេះ អ្នកនិពន្ធ កវីលែងប្រើសញ្ញានេះហើយ ។ ជាពិសេសនៅពេលចាប់ផ្តើមសរសេរកំណាព្យ នោះកវីបុរាណយើងច្រើនប្រើសញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ននេះ មានកវីសម័យទំនើបខ្លះក៏ផ្តើមប្រើសញ្ញាផ្នែកមាន់ ដែលមានក្បៀសពីរនេះ នៅពេលចាប់ផ្តើមបើកបទកំណាព្យ ។
- ខណ្ឌបរិយោសាន ឬ គោមូត្រ (។៚): គឺជាសញ្ញាយកតាមរូបសណ្ឋានដាននោមគោ ដែលនោមផងដើរផង បណ្តាលឲ្យមានរាងក្ងិក្ងក់បែបនេះ ហើយខ្មែរបុរាណក៏សន្មតយកមកធ្វើជាសញ្ញាខណ្ឌបញ្ចប់ ដែលហៅតាមពាក្យបាលីថា “គោមូត្រ” គឺនោមគោដូច្នេះទៅ ។ ចាស់បុរាណលោកប្រើខណ្ឌបរិយោសាន ឬ បរិយាន ឬគោមូត្រនេះ សម្រាប់បញ្ជាក់សេចក្តីនិយាយពីរឿងរ៉ាវអ្វីមួយឬអត្ថបទ បទបាទបាលីគាថាណាមួយ ។ សព្វថ្ងៃនេះ អ្នកនិពន្ធមួយចំនួន បានប្រើសញ្ញាពីរគឺ៖ ឬមួយ ៕ ឬមួយ ។៚ ។ ការប្រើគោមូត្រនេះ គឺចង់រក្សាសម្បត្តិវប្បធម៌ពីបុរាណឲ្យនៅគង់វង្ស ។យើងឃើញអ្នកកាសែតមួយចំនួន មានប្រើសញ្ញាគោមូត្រផងដែរ ៕៚