ភ្លេចអ្វីភ្លេចបាន តែបើភ្លេចប្រាណ ឈានធ្លាក់រណ្ដៅ
បើបានជាភ្លាត់ មិនទាន់ធ្លាក់ជ្រៅ ប្រឹងឡើងណាពៅ
កុំនៅនាំជ្រុល។
ខូចធ្វីមិនគ្រោះ តែបើខូចឈ្មោះ មិនងាយជួសជុល
កូនត្រូវប្រយ័ត្ន កុំងប់ងងុល កាមជាគ្រឿងពុល
ខូចអស់ទាំងខ្លួន។
ខូចខ្លួនខូចឈ្មោះ ខូចនេះពេញគ្រោះ រស់លែងសុខសួន
តែទោះយ៉ាងណា កុំអោយខូចផ្ទួន ខំប្រឹងកែខ្លួន
កុំចោលអាត្មា។
ចោលអ្វីចោលបាន តែកុំចោលប្រាណ ក្នុងវដ្ដសង្សារ
ព្រោះក្នុងលោកនេះ ឥតមាននរណា ជួយស្រង់អាត្មា
កូនត្រូវរក្សា ការពារអាត្មា អោយបានដល់ត្រើយ
ដោយការប្រយ័ត្ន និងមិនកន្តើយ ប្រយ័ត្នហ្នឹងហើយ
ជាព្រះក្នុងខ្លួន។
ប្រយ័ត្នជាម្ដាយ ញ៉ាំងគុណទាំងឡាយ អោយកើតមាំមួន
អត់ធន់ជាឪ រក្សាគ្រងស្ងួន គុណធម៌ក្នុងខ្លួន
ដូចខែខាងខ្នើត។
ខន្ដីដូចថ្នាំ លេបជាប្រចាំ រសជាតិល្វីងឆើត
លំបាកទ្រាំណាស់ លុះដល់ផលកើត រសជាតិល្វីងឆើត
មានគុណគាប់ហោង។