សេចក្ដីប្រថ្នារបស់ឪពុកម្ដាយ

            កូនមាសឪពុក!
ពុកនឹងម៉ែប្រាថ្នាអោយកូនមាននូវសេចក្ដីសុខ ទើបបានជាអប់រំ និងដាស់តឿនក្រើនរលឹកកូនជារឿយៗ មិនអោយកូនលេងហួសពេលវេលាព្រោះអាចនាំអោយកូនមានជំងឺគ្រុនរងាជាដើម ដាស់តឿនកូនមិនអោយញ៉ាំនូវអាហារណាដែលមិនល្អ ព្រោះវាអាចនាំអោយខូចសុខភាព។ ហើយបើកូននៅមិនទាន់យល់នូវពាក្យដាស់តឿន ឬក៏មិនបានស្ដាប់តាមពាក្យទូន្មានរបស់ម៉ែឪទេនោះ ដល់ពេលកូនមិនស្រួលខ្លួនឡើង ឪពុកម្ដាយក៏ត្រូវតែនៅរក្សានិងព្យាបាលកូនយ៉ាងល្អជាទីបំផុតដដែល។ 


នៅក្នុងដំណើរជីវិតក៏ដូចគ្នាដែរឪពុកម្ដាយបានអប់រំ និងដាស់តឿនជានិច្ចអោយកូនតាំងចិត្តសិក្សារៀនសូត្ររៀបចំខ្លួនអោយនៅក្នុងសេចក្ដីល្អ មិនអោយកូប្រព្រឹត្តខ្លួនជាមនុស្សឡេះឡោះ តែបើពេលណាដែលកូនប្រព្រឹត្តភ្លាំងភ្លាត់ដោយហេតុណាមួយនោះឪពុកម្ដាយក៏នៅព្យាយាមជួយកូនយ៉ាងប្ដូរជីវិតដូចដែលកូនមិន
ស្រួលផ្លូវកាយដូច្នោះឯង។ ព្រោះហេតុដូចពោលមកនេះឪសូមអោយកូនមានការចាំជានិច្ចថា ពេលណាដែលកូនមាននូវហញ្ញាកើតឡើង សូមអោយកូនប្រឹក្សាជាមួយម៉ែឪ កុំលាក់លាមអោយសោះព្រោះមិនមានអ្នកណាស្មោះត្រង់និងមានបំណងជួយកូនអោយក្រៃលែងជាម៉ែឪរបស់កូនឡើយ បើម៉ែឪដឹងហើយមិនថាបញ្ហានោះលំបាកលំបិនយ៉ាងណា ម៉ែឪរមែងរួមគ្នាដោះស្រាយកែខៃបញ្ហាបានគ្រប់រឿងទាំងអស់។