វិធីសាស្ត្រសំណេរតែងសេចក្តីបែបអត្ថាធិប្បាយប្រៀបធៀប

ទំព័រស្លឹករឹត

ដូចម្តេចដែលហៅថា សំណេរតែងសេចក្តីអត្ថាធិប្បាយប្រៀបធៀប?
តែងសេចក្តីបែបអត្ថាធិប្បាយប្រៀបធៀប គឺជាប្រភេទតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យ​អ្នកតែងលើកយកកម្មវត្ថុ (ពាក្យសម្តី ឃ្លា ប្រយោគ មតិ យោបល់ តួអង្គ វត្ថុ ស្នាដៃ...) មកធ្វើ​ការប្រៀបធៀប ថ្លឹងថ្លែង ស្វែងរកឲ្យឃើញលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នា និងរកឲ្យ​ឃើញ​ថា តើកម្មវត្ថុណាមួយមានលក្ខណៈប្រសើរជាង។

គន្លឹះដើម្បីស្គាល់ប្រធាន៖
  • ពាក្យបង្គាប់៖ ចូរប្រៀបធៀប។ , ចូររកលក្ខណៈខុស និងលក្ខណៈដូច។ , ចូររកលក្ខណៈរួម និងលក្ខណៈដោយឡែក។
  • ពាក្យចោទសួរ៖ តើមតិទាំងពីរដូចគ្នា ឬខុសគ្នា? , តើមតិទាំងពីរមានលក្ខណៈរួម ឬលក្ខណៈ​ដោយឡែកយ៉ាងដូចម្តេច? , តើមតិទាំងពីរមានលក្ខណៈដូចគ្នា ឬខុសគ្នាយ៉ាងណា?   
គម្រោងតែងសេចក្តី៖
ក. សេចក្តីផ្តើម៖
  • លំនាំបញ្ហា៖ លើកយករឿងរ៉ាវនៅក្នុងកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
  • ចំណូលបញ្ហា៖ លើកយកកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
  • ចំណោទបញ្ហា៖ ចោទសួរបែបប្រៀបធៀប។ (តើ......ទាំងពីរខាងលើនេះមានលក្ខណៈដូចគ្នា​ និងខុសគ្នាបែបណាខ្លះ? ហើយមួយណាមានប្រសើរជាង?)
ខ. តួសេចក្តី៖
  • ឃ្លាភ្ជាប់សេចក្តី
  • ពន្យល់ពាក្យ (ប្រៀបធៀបតួអង្គមិនបាច់ពន្យល់ពាក្យទេ តែបើប្រៀបធៀបបញ្ហាពន្យល់ពាក្យ​ជាការចាំបាច់)
  • ពន្យល់ន័យប្រធាន
  • បកស្រាយប្រធាន
គ. សេចក្តីបញ្ចប់៖
  • វាយតម្លៃប្រធាន (ឬកម្មវត្ថុប្រៀបធៀប)
  • មតិចូលរួម
របៀបបកស្រាយប្រធានតែងសេចក្តីអត្ថាធិប្បាយប្រៀបធៀប៖
  • ពន្យល់បកស្រាយលក្ខណៈដូចគ្នា ឬលក្ខណៈរួម។
  • ពន្យល់បកស្រាយលក្ខណៈខុសគ្នា ឬលក្ខណៈដោយឡែក។
  • សន្និដ្ឋានរួមរវាងទស្សនៈទាំងពីរ។