វិធីសាស្ត្រសំណេរតែងសេចក្តីបែបអត្ថាធិប្បាយ

ទំព័រស្លឹករឹត

ដូចម្តេចដែលហៅថាតែងសេចក្តី?
ពាក្យថា «តែងសេចក្តី» បានមកពី៖ «តែង» បូកនឹង «សេចក្ដី»
តែង៖ រៀបចំ រចនា កែច្នៃ កែលំអ ធ្វើឲ្យមានរបៀប
សេចក្តី៖ រឿងរ៉ាវ ហេតុការណ៍ ដែលមានជាប់ទាក់ទងគ្នាជាឃ្លា ល្បះ កថាខណ្ឌ អត្ថបទដែល​មានន័យ និងបំណងច្បាស់លាស់ អាចស្តាប់បាន។
ដូច្នេះ «តែងសេចក្តី» មានន័យថាការរៀបចំពាក្យពេចន៍ ការតុបតែង រចនានៃឃ្លាល្បះណាមួយ​ដើម្បីកែលំអសេចក្តីឲ្យមានទំនាក់ទំនងជាអត្ថបទដ៏សមហេតុផល ត្រឹមត្រូវ មានខ្លឹមសារប្រកប​ដោយផលប្រយោជន៍ជាទីពេញចិត្ត។

ប្រភេទនៃតែងសេចក្តីអត្ថាធិប្បាយ
ប្រភេទនៃតែងសេចក្តីអត្ថាធិប្បាយមានដូចជា៖
  • អត្ថាធិប្បាយបែបពន្យល់
  • អត្ថាធិប្បាយបែបពិភាក្សា
  • អត្ថាធិប្បាយបែបប្រៀបធៀប
សេចក្តីណែនាំក្នុងការសរសេរតែងសេចក្តី
ដើម្បីការសរសេរតែងសេចក្តីឲ្យបានល្អ និងមិនមានការភាន់ច្រឡំ ឬចាកប្រធាន អ្នកសរសេរត្រូវ៖
  • ស្វែងរកពាក្យពិបាក ឬពាក្យគន្លឹះសំខាន់ៗរបស់ប្រធាន
  • ស្វែងយល់ន័យរបស់ប្រធានឲ្យបានស៊ីជម្រៅ
  • ពិចារណាឲ្យបានច្បាស់ថាតើជាប្រធានប្រភេទណា? (ពន្យល់? ពិភាក្សា? ប្រៀបធៀប?)
  • ស្វែងយល់ពីដែនកំណត់របស់ប្រធានឲ្យបានច្បាស់លាស់ថាតើគេឲ្យសរសេរត្រឹមកម្រិតណា?​ លើកឧទាហរណ៍ក្នុងរឿងអ្វី?
ដើម្បីពង្រីកខ្លឹមសារនៃតែងសេចក្តីឲ្យបានក្បោះក្បាយ និងមានអំណះអំណាងគ្រប់គ្រាន់អ្នក​សរសេរត្រូវ៖
  • ស្វែងយល់ពីតថភាពសង្គមឲ្យបានគ្រប់ជ្រុងជ្រោយ
  • អានសៀវភៅអំពីចំណេះដឹងទូទៅឲ្យបានច្រើន
  • អានស្នាដៃអក្សរសិល្ប៍ឲ្យបានច្រើន
  • ចងចាំពីសកម្មភាព និងសំដីរបស់តួអង្គឲ្យបានច្រើន និងច្បាស់លាស់
  • រៀនស្វែងយល់ពីអត្ថន័យនៃរឿងនីមួយៗឲ្យច្បាស់លាស់
  • ឧស្សាហ៍អានតែងសេចក្តីរបស់អ្នកនិពន្ធឲ្យបានច្រើន
  • កត់ត្រាគំនិតអប់រំនៃអត្ថបទរឿងដើម្បីទុកជាជំនួយក្នុងការសរសេរតែងសេចក្តី។
ការណែនាំអំពីវិធីតែង
ក. សេចក្តីផ្តើម៖
  • ជាលំនាំដើមដើម្បីនឹងឈានចូលទៅរកបញ្ហា
  • ត្រូវសរសេរឲ្យខ្លីល្មម ហើយផ្ចិតផ្ចង់
  • យកគំនិតទូទៅដែលមានខ្លឹមសារមកផ្តើម
  • ផ្តើមទាក់ទងនឹងប្រធាន
  • ចៀសវាងការផ្តើមសេចក្តីចេញក្រៅប្រធាន ឬមិនទាក់ទងនឹងប្រធាន ទោះបីគំនិតនោះល្អខ្ពង់​ខ្ពស់យ៉ាងណាក៏ដោយ។ ហើយមិនត្រូវយកបញ្ហាក្រៅមកចោទទេ។
  • ចៀសវាងការប្រើពាក្យបាលី សំស្រឹ្កត ប្រសិនបើពាក្យនោះពុំមានតម្លៃចាំបាច់ទេ ហើយជា​ពាក្យដែលគេអាចយកពាក្យខ្មែរមកជំនួសបានដោយងាយ។
  • ចៀសវាងការផ្តើមសេចក្តីដូចប្រលោមលោក (ព្រះទិនករបររាជរថ ព័ទ្ធភ្នំព្រះសុមេរុ...។)
  • ចៀសវាងការស្រាយបញ្ហានៅក្នុងសេចក្តីផ្តើម។ មតិ គំនិត ឃ្លា ប្រយោគ ដែលត្រូវប្រើនៅ​ក្នុងសេចក្តីអធិប្បាយ កុំយកមកនិយាយនៅក្នុងសេចក្តីផ្តើម ដើម្បីចៀសវាងនូវការផ្ទួនដោយ​ឥតប្រយោជន៍។
ខ. តួសេចក្តី៖
  • ជាផ្នែកមួយដែលទាមទារឲ្យមានការពន្យល់ បកស្រាយ វែកញែកឲ្យបានក្បោះក្បាយ។
  • ក្នុងការបកស្រាយ យើងត្រូវពង្រីកគំនិតយល់ដឹងប្រកបដោយការត្រិះរិះពិចារណា ដើម្បីធ្វើ​អត្ថាធិប្បាយឲ្យបានទូលំទូលាយ មានរបៀបរៀបរយ ច្បាស់លាស់ មិនសរសេរច្រំដែល។
  • ការបកស្រាយពន្យល់ត្រូវឈរលើទស្សនៈសមហេតុផល ហើយត្រូវមានអំណះអំណាង ឬ​ឧទាហរណ៍មកបញ្ជាក់ (ក្នុងសង្គម ក្នុងអក្សរសិល្ប៍ ក្នុងប្រវត្តិសាស្រ្ត...)
  • អំណះអំណាង ឬឧទាហរណ៍បញ្ជាក់ត្រូវឲ្យស៊ីទៅនឹងខ្លឹមសារប្រធាន។ ចៀសវាងការលើក​យកដំណើររឿងទាំងស្រុងមកធ្វើជាឧទាហរណ៍។
  • ចំពោះសេចក្តីដកស្រង់ ដែលត្រូវយកមកប្រើត្រូវដាក់នៅក្នុងអព្ភន្តរសញ្ញា ( "......") ដោយពុំ​កាត់សេចក្តីដើមរបស់គេទេ តែបើយើងមិនចាំសម្តីដើមច្បាស់លាស់ទេ យើងអាចសង្ខេប​យកខ្លឹមសារមកបានហើយ តែមិនចាំបាច់ក្នុងអព្ភន្តរសញ្ញាទេ។
  • ត្រូវចេះប្រើឃ្លាភ្ជាប់សេចក្តីពីឃ្លាមួយទៅឃ្លាមួយ ចៀសវាងការប្រើពាក្យច្រំដែល។ ឃ្លាភ្ជាប់​សេចក្តីមានដូចជា៖ ចំណែក ចំណែកឯ រីឯ មួយវិញទៀត ប៉ុន្តែ ក៏ប៉ុន្តែ ម្យ៉ាងវិញទៀត ផ្ទុយ​ទៅវិញ យ៉ាងណាក៏ដោយ ជាងនេះទៅទៀត បន្ថែមលើនេះទៀត ដូចគ្នានេះដែរ មិនតែ​ប៉ុណ្ណោះ អាស្រ័យហេតុនេះ រួមសេចក្តីទៅ...។
  • បញ្ចប់តួសេចក្តី ត្រូវធ្វើសរុបមតិមួយ ដោយគ្រាន់តែស្រង់គំនិតសំខាន់ៗខាងលើមកដាក់​តាមលំដាប់លំដោយ។
គ. សេចក្តីបញ្ចប់៖
  • សេចក្តីបញ្ចប់ពុំមែនជាសេចក្តីសង្ខេបនៃតួសេចក្តីទេ តែជាសេចក្តីបញ្ចប់ដែលឆ្លើយតប​យ៉ាង​ដាច់ខាតទៅនឹងចំណោទបញ្ហា ដែលចោទឡើងនៅក្នុងសេចក្តីផ្តើម។
  • ត្រូវចៀសវាងការបញ្ចប់សេចក្តីដោយលើកយកបញ្ហាថ្មីមួយទៀតមកចោទ ពីព្រោះនាំឲ្យខូច​ឯកភាពនៃកិច្ចការរបស់យើង។
  • យោបល់រួមត្រូវតែជាមតិ គំនិតផ្ទាល់ខ្លួន ហើយជាការពោលអារកាត់ដាច់ខាត ច្បាស់លាស់ ពុំមែនជាការនិយាយស្ទាក់ស្ទើរ មិនដាច់សេ្រចឡើយ។